ភ្នំពេញ ៖ រាជរដ្ឋាភិបាលស្នើ សម្តេចប្រធានរដ្ឋសភា មេត្តាអនុញ្ញាតរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភា លើការ បំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមរាជរដ្ឋាភិបាលចេញលិខិតលេខ ៩៩០ លស ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដោយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សូមគោរពជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចប្រធានរដ្ឋសភាជាទីគោរពដ៏ខ្ពង់ខ្ពស់ !
យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ព្រមទាំងព្រះរាជក្រឹត្យលេខ នស/កត/០៨១៨/៨៦២ ចុះថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៨ ស្ដីពីការចាត់តាំងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយយោងតាម តម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមស្នើ សម្តេចប្រធានរដ្ឋសភា មេត្តាអនុញ្ញាតរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភា លើការ បំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសម្ដេចប្រធានរដ្ឋសភា មេត្តាពិនិត្យលើ សេចក្ដីស្នើសុំនេះដោយក្តីអនុគ្រោះ។
សូម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ពីខ្ញុំ ៕
ដោយ ៖ អ្នកប្រមាញ់