ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យជួយ ចុះរាវរកសពយុវជនម្នាក់ ដែលលង់ទឹកស្លាប់ ស្ថិតក្នុងស្រុកមង្គលបូរី

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ៖ កងកម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យជួយរុករកសពសិស្សសាលាម្នាក់លង់ស្លាប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ។

 យោធាម្នាក់បានប្រាប់ថាៈលោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ បានចាត់តាំងលោក វរសេនីយ៍ទោ វិញ ស៊ីដូ  នាយសេនាធិការរង ដឹកនាំកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះរាវរកសពយុវជនម្នាក់ ឈ្មោះ រុំ ឧទរ ហៅក្រៅ ធី ភេទប្រុស  អាយុ  ១៦ ឆ្នាំ ដែលមានទីលំនៅ ភូមិស្នាយដង្គត់ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មូលហេតុ ចេញពីរៀនត្រឡប់ទៅផ្ទះវិញហើយចុះលេងទឹកនៅតាមផ្លូវក្រាលបេតុង ក៏បានរអិលជើងធ្លាក់ចូលទឹកហូរនាំទៅកន្លែងជ្រៅបណ្ដាលឱ្យលង់ទឹកស្លាប់តែម្តង។

សាកសពបានរកឃើញនៅរសៀលវេលាម៉ោង ១៤៖១៩នាទី  ត្រង់ចំណុច ភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោយពីរកឃើញហើយ ក៏បានប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕

ដោយ៖ វណ្ណា


ចែករំលែក៖