ខេត្តបាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នារសៀលថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីពិធីប្រណាំងទូក បណ្ដែតប្រទីប អបអរបុណ្យចេញព្រះវស្សាខេត្តបាត់ដំបង នៅវេទិកាអុំទូកមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ពិសេសបងប្អូនកីឡាករ កីឡាការិនី នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីរីករាយដែលមានឱកាសជាថ្មីទៀតបានចូលរួមទស្សនា និងគាំទ្រការប្រារព្ធពិធីប្រណាំងទូកខេត្តបាត់ដំបង ដែលមានប្រជាពលរដ្ឋជាចំណុះទូក និងប្រជាពលរដ្ឋជាអ្នកមកលេងកំសាន្តយ៉ាងច្រើនកុះករនាឱកាសនេះ។
សម្ដេចក៏បានថ្លែងអំណរគុណ លោក លោកស្រី ជាថ្នាក់ដឹកនាំ ក្រុមការងារ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សប្បុរជនទូទៅ ដែលបានចូលរួមគាំទ្ររដ្ឋបាលខេត្តបាត់ដំបង នៅក្នុងការរៀបចំព្រឹត្តិការណ៍នេះ ពិសេសបានចូលរួមផ្ដល់ការគាំទ្រជាថវិកា សម្លៀកបំពាក់ ស្បៀងអាហារ ភេសជ្ជៈ ដល់ចំណុះទូកដែលបានចូលរួមប្រណាំងញាំងបរិយាកាសរីករាយជូនប្រជាពលរដ្ឋ។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏ថ្លែងទាញចំណាប់អារម្មណ៍អង្គពិធីអំពីសក្ដានុពលស្ទឹងសង្កែ ដែលមិនត្រឹមតែជាប្រភពទឹកសម្រាប់បង្ហូរទៅតាមប្រឡាយនានាបម្រើឱ្យពលរដ្ឋធ្វើស្រែប្រាំងប៉ុណ្ណោះទេ ប៉ុន្តែសម្បត្តិសាធារណៈមួយនេះ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកមុខមាត់ក្រុងបាត់ដំបង ដូចដែលបទចំរៀងសម័យដើមបានរៀបរាប់ ព្រមទាំងលើកស្ទួយវិស័យទេសចរណ៍ផងដែរ។
សម្ដេចក៏អំពាវនាវរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទាំងក្រុងបាត់ដំបង និងបណ្ដាស្រុកផ្សេងៗជាប់ស្ទឹងសង្កែ សូមខិតខំថែរក្សាបរិស្ថាន អនាម័យ និងកែច្នៃបន្ថែមទៀត ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្រុងបាត់ដំបង ពិសេសស្ទឹងសង្កែនេះតែម្ដង។ សម្ដេចលើកទឹកចិត្តឱ្យបន្តរៀបចំសួនច្បារ និងដាំដើមឈើឱ្យបានច្រើន ទាំងដងស្ទឹង និងតាមបណ្ដោយដងផ្លូវ ដើម្បីបង្កើនបរិយកាសបៃតង។
សម្រាប់ព្រឹត្តិការណ៍ប្រណាំងទូក បណ្ដែតប្រទីប ខេត្តបាត់ដំបង នាឆ្នាំ២០២២នេះ ជ័យលាភីលេខ១ ផ្នែកទូកអុំបុរសខ្នាតអន្តរជាតិ បានទៅលើទូក «បាណន់មានជ័យបារមីតាដំបងដែក» លេខ២ បានទៅលើទូក «សង្កែសជ័យ» លេខ៣ បានទៅលើទូក «ផ្សោតមានជ័យដែនដីសុវណ្ណ» និង ទូកលេខ៣ស្ទួន បានទៅលើទូក «អនុវិទ្យាល័យព្រែកនរិន្ទសជ័យ» ។
ចំណែកជ័យលាភីទូកខ្លីប្រពៃណីផ្នែកបុរសចំណុះ២២នាក់ ក្របខណ្ឌអក្សរ គ លេខ១បានទៅលើទូក «យុវជនបាត់ដំបងសជ័យបារមីគង្គា» លេខ២បានទៅលើទូក «បញ្ញវ័ន្តក្មេងវត្តបាត់ដំបងបារមីតេជោសែន» ទូកលេខ៣ បានទៅលើទូក «ហនុរជសីសែនជ័យបារមីតេជោ» ទូកលេខ៣ស្ទួន បានទៅលើទូក «មហាពាណិជ្ជឧស្សាហ៍មានជ័យ» ។
ទូកខ្លីប្រពៃណីបុរសផ្នែកអក្សរ ខ លេខ១ គឺទូក «តាតាំងមានជ័យបារមីវត្តសង្កែវាល» លេខ២ បានទៅលើទូក «ស្រស់ពិស័យបារមីលោកតាវាំង» លេខ៣បានទៅលើទូករតនៈសំឡូតមានជ័យ លេខ៣ស្ទួន បានទៅលើទូក «សាធារណការសជ័យបារមីកំចាយមារ» ។
ទូកខ្លីប្រពៃណីផ្នែកបុរសក្របខណ្ឌអក្សរ ក លេខ១ បានទៅលើទូក «សុវណ្ណមានជ័យបារមីវត្តសង្កែវាល» លេខ២ បានទៅលើទូក «កាកបាទក្រហមសជ័យបារមីតេជោ» លេខ៣ បានទៅលើទូក «សង្គមកិច្ចសែនជ័យបារមីមានរិទ្ធ» លេខ៣ស្ទួន បានទៅលើទូក «សុខាភិបាលសជ័យបារមីដំបងក្រញ៉ូង» ។
សម្រាប់ទូកងវែងប្រពៃណីវែងខ្នាតបុរសចំណុះ៦៨នាក់ឡើងទៅ ដែលជាទូកផែនពិសេស គឺជ័យលាភីលេខ១ បានទៅលើទូក «នរិន្ទរង្សីសជ័យពិចិត្របុត្រ» លេខ២ បានទៅលើទូក «បាត់ដំបងខនស៊ីមេនមានជ័យបារមីភ្នំដូននាយ» លេខ៣ បានទៅលើទូក «សុវណ្ណភត្រាបាត់ដំបងសជ័យ» និងលេខ៣ស្ទួន បានទៅលើទូក «ពិសីមានជ័យបារមីស្រីស្អាត» ៕
ដោយ៖សហការី