ភ្នំពេញ៖ ជាថ្មីម្ដងទៀត លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាល ខណ្ឌច្បារអំពៅ បានដាស់តឿនក្រើន រំលឹក ដល់កងកម្លាំងសណ្ដាប់ធ្នាប់ ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន នូវអនុសាសន៍ ( ៣ កុំ ) ។
ប្រសាសន៍ដាស់តឿនក្រើន រំលឹកនេះនៅគ្រាដែលលោកអភិបាលខណ្ឌជួបសំណេះសំណាលនិងចែកអំណោយ ដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌជាង ៥០នាក់កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅបរិវេណសាលាខណ្ឌច្បារអំពៅ ។
ថ្លែងទៅកាន់កម្លាំងសណ្តាប់ខណ្ឌ លោកអភិបាលខណ្ឌបានបញ្ជាក់អត្ថន័យ ( ៣ កុំ ) ដូច្នេះថា ១- កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ , ២-កុំសេពគ្រឿងញៀន , ៣-ឈ្លោះទាស់ទែងគ្នា ។ សូមកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្ត ( ៣ កុំ ) អោយបាន បើបុគ្គលណាម្នាក់លួចលេងល្បែងស៉ីសង លួចសេពគ្រឿងញៀន ខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ ។ ចំនុចមួយទៀតកុំឈ្លោះទាស់ទែងគ្នាវាមិនល្អទេ ធ្វើអោយប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ។ និយាយ រួមត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានវិន័យល្អ និងអនុវត្តតាមការណែនាំរបស់អង្គភាព ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានកោតសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ កន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន ៕
ដោយ ៖ សណ្តោស