ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងអុីស្រាអែលនឹងលីបង់ ជាការបើកកូនសោថាមពលនៅសមុទ្រមេឌីទែរ៉ាណេ

ចែករំលែក៖

នៅថ្ងៃទី១១ខែតុលា អុីស្រាអែល បានប្រកាសថា ជិតឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រជាមួយប្រទេសលីបង់ហើយដើម្បីបញ្ចប់វិវាទព្រំដែនសមុទ្រដែលអូសបន្លាយយ៉ាងយូរនៅដែនសមុទ្រមេឌីទែរ៉ាណេ ដែលជាតំបន់មានថាមពលឧស្ម័នហ្គាសធម្មជាតិខ្ពស់។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Yair Lapid នៅថ្ងៃទី១១ខែតុលានេះបានប្រកាសថា ភាគីអ៉ីស្រាអែលនិងភាគីលីបង់បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តស្តីពីការកំណត់នូវខ្សែបន្ទាត់ព្រំដែនសមុទ្រមួយកន្លែងរវាងប្រទេសទាំងពីរ។
លោក Yair Lapid បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «នេះគឺជាសមិទ្ធផលប្រវត្តិសាស្រ្តមួយដែលនឹងពង្រឹងសន្តិសុខរបស់អ៉ីស្រាអែល ហើយបញ្ចូលថវិការាប់ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ច ព្រមទាំងធានានូវស្ថិរភាពនៃព្រំប្រទល់ភាគខាងជើងរបស់យើង»។ កិច្ចព្រមព្រៀងខាងលើ នឹងត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សាសន្តិសុខនិងរដ្ឋាភិបាលអ៉ីស្រាអែលនៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីអនុម័ត មុនពេលត្រូវវាយតម្លៃ ដោយសភាអ៉ីស្រាអែល។
មុនការប្រកាសរបស់លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល ក្រុមមន្រ្តីចរចារបស់ភាគីទាំងពីរ បានបង្ហើបឱ្យដឹងថា ទាំងអ៉ីស្រាអែលនិងលីបង់សុទ្ធតែពេញចិត្តចំពោះ លក្ខខណ្ឌក្នុងសេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀង ដែលសម្រេចបានក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិកនេះ។ វានឹងជួយបិទបញ្ចប់បញ្ហាវិវាទព្រំដែនសមុទ្រយូរមកហើយរវាងប្រទេសទាំងពីរនៅសមុទ្រមេឌីទែរ៉ាណេ ដែលសម្បូរដោយធនធានឧស្ម័ន៕

រូប​ថត​ ៖ AFP

ដោយ៖ធីរីណា(រូបថត៖ TTXVN )


ចែករំលែក៖