ព័ត៌មានទាន់ហេតុការណ៍៖

លោក ជិន ប៊ុនធឿន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន ដែលបានដំណេីរការអស់រយៈពេល១ថ្ងៃ​ ជូនដល់លោក​ លោកស្រីជាមន្ត្រី បុគ្គលិក​ចំនួន៥០នាក់

ចែករំលែក៖

ភ្នំពេញ៖ នាល្ងាចថ្ងៃទី​ ១១ ខែ​ តុលា ឆ្នាំ​ ២០២២នេះ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា​ ​រាជធានីភ្នំពេញ​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន ដែលបានដំណេីរការអស់រយៈពេល១ថ្ងៃ​ ជូនដល់លោក​ លោកស្រីជាមន្ត្រី បុគ្គលិក​ចំនួន៥០នាក់ (ស្រី១៩នាក់) បម្រើការងារនៅមន្ទីអប់រំ យុវជន និងកីឡា​ រាជធានីភ្នំពេញ ។ 

មានប្រសាសន៍បិទវគ្គនាឱកាសនោះ​ ក្នុងនមលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំនូវសេចក្តីផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំងសូមកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ​ ។​ លោកក៏សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា​ រាជធានីភ្នំពេញ​ ដែលផ្តល់កិច្ចសហការយ៉ាងល្អដែលធ្វេីឱ្យវគ្គបណ្តុះបណ្តាលរបស់យេីងដំណេីរការបានរលូនរហូតទទួលបាននូវជោគជ័យគួរជាទីមោទនៈ​ ។ មុននឹងប្រកាសបិទវគ្គ​ លោកនាយកប្រតិបត្តិសាខា សង្ឃឹម និងជឿជាក់ថា​ បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះហេីយ​ លោក​ លោកស្រីទាំងអស់ នឹងអាចប្រេីប្រាស់ចំណេះដឹងនេះសម្រាប់ជួយសង្គ្រោះដល់ក្រុមគ្រួសារ​ មិត្តភក្តិបងប្អូនរួមការងារ​ ក៏ដូចជាប្រជាពលរដ្ឋផ្សេងដែលរងគ្រោះថ្នាក់​ កាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះបាន​ មុនពេលទ្បានពេទ្យឬក្រុមសង្គ្រោះមកដល់​ ក៏ដូចជាយកទៅផ្សព្វផ្សាយបន្តឱ្យបានកាន់តែទូលំទូលាយ​ថែមទៀត ។ 

សូមបញ្ជាក់ថា៖​ សម្រាប់ប្រធានបទដែលលេីកយកមកបង្ហាត់បង្ហាញរួមមាន ការជួយសង្គ្រោះជនសន្លប់បាត់បង់ស្មារតី ការធ្វើចលនាចង្វាក់បេះដូង(CPR) រលាក បាក់ឆ្អឹង ស្លាក់ លង់ទឹក ពស់ចឹក ជាដើម​ ។ ល៕

ដោយ : សហការី


ចែករំលែក៖