ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិនីហ្សេរីយ៉ាម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការករណីឆបោក

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២២កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ បានចាប់បញ្ជូនខ្លួនជនសង្ស័យឈ្មោះ KEL CHI ភេទប្រុសអាយុ ៣៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងករណីឆបោក លុយ៥ពាន់ដុល្លារ តាមបណ្តាញសង្គមហ្វេសប៊ុក។

ប្រភពព័ត៌មានបានឲ្យដឹង ជនរងគ្រោះមានឈ្មោះ អុន ស្រីណែត ភេទស្រីអាយុ២៤ឆ្នាំ កាលពីអំឡុងខែសីហាឆ្នាំ២០២២ មានគណនីហ្វេសប៊ុកមួយឈ្មោះ Don Richard បានឆាត មកសុំជនរងគ្រោះ រាប់អាន ហើយក៏ឆាតមកសួរសុខទុក្ខ និងលួងលោមសុំស្រលាញ់ជនរងគ្រោះ។ លុះដល់អំឡុងខែកញ្ញាឆ្នាំ២០២២ គណនីហ្វេសប៊ុកឈ្មោះ Don Richard បានឆាតមកប្រាប់ជនរងគ្រោះថា គាត់ចង់ផ្ញើសម្ភារ និងប្រាក់មួយចំនួនពីប្រទេសកូរ៉េ មកឲ្យជនរងគ្រោះ តាមយន្តហោះ ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២ ក៏មានស្រ្តីម្នាក់បានទូរស័ព្ទមកប្រាប់ជនរងគ្រោះថា ខ្លួនជាមន្ត្រីគយនៅព្រលានយន្តហោះភ្នំពេញ មានអីវ៉ាន់ផ្ញើពីបរទេសមកឲ្យជនរងគ្រោះ ដោយសារតែមិនទាន់បានបង់ពន្ធ ទើបគយឃាត់ទុក ហើយតម្រូវឲ្យជនរងគ្រោះជាអ្នកទទួលបង់ប្រាក់ចំនួន១ម៉ឺនដុល្លារ ដើម្បីទូទាត់ថ្លៃពន្ធសិន ទើបជនរងគ្រោះអាចទៅទទួលកញ្ចប់អីវ៉ាន់នោះបាន។ 

មុនដំបូងជនរងគ្រោះមិនជឿលើគណនីហ្វេសប៊ុកឈ្មោះ Don Richard ទេ ដោយសារមានស្ត្រីម្នាក់អះអាងថាខ្លួនជាមន្ត្រីគយ ទើបជនរងគ្រោះចាញ់ល្បិចបោកប្រាស់របស់ក្រុមឆបោកទាំងនោះ ដោយបានផ្ញើប្រាក់ជាបន្តបន្ទាប់ចូលលេងទូរស័ព្ទចំនួនពីរខ្សែ អស់លុយចំនួន៥ពាន់ដុល្លារ តាមរយៈ វីង និងទ្រូម៉ានី ហើយរឿងរ៉ាវនេះដឹងដល់ក្រុមគ្រួសារ គ្រួសារថាខ្លួនចាញ់បោកគេ ទើបខ្លួនប្តឹងសមត្ថកិច្ចតែម្តង៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖