ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទូចដឹកដែកបើកលឿនពេកបណ្ដាលឱ្យក្រឡាប់ផ្ងារជើងសង្កត់លើរថយន្តកុងតឺន័ររងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស្ទូចដឹកដែកមួយគ្រឿងសង្ស័យដឹកដែកធ្ងន់ពេកហើយបើកបរក្នុងល្បឿនលឿនទៀតផងនោះបណ្ដាលឱ្យក្រឡាប់ផ្ងារជើងសង្កត់ទៅលើរថយន្តកុងតឺន័រមួយគ្រឿងរងការខូចខាត។

     ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីចោមចៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស្ទូចដឹកដែកមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-3166 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយមហាវិថីចោមចៅក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុសង្ស័យតែ រថយន្តដឹកដែកធ្ងន់ពេកហើយបើកក្នុងល្បឿនលឿនផងនោះ ក៏ស្រាប់តែក្រឡាប់ផ្ងារជើងធ្លាក់ដែកថ្នាំងអំពៅសង្កត់លើរថយន្តសណ្ដោងទូកុងទឺន័រមួយគ្រឿងម៉ាកNISSAN DIESEKពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 3A-2796 ដែលធ្វើដំណើរស្របទិសគ្នាបណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួច ហើយសំណាងល្អមិនបណ្ដាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ។

      ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ និងបានធ្វើការត្រួតពិនិត្យ ឃើញថាមិនមានការប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋនោះទើបឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តស្ទូចដឹកដែកសងថ្លៃខូចខាតទៅរថយន្តសណ្ដោងទូកុងតឺន័រដើម្បីបញ្ចប់រឿង រួចបានទំនាក់ទំនងទៅរថយន្តស្ទូចមកស្ទូចរថយន្តយកទៅធ្វើការជួសជុលដោយខ្លួនឯង៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖