ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកវាយតម្លៃឡើងវិញពីទំនាក់ទំនងជាមួយអារ៉ាប៊ី សាអ៊ូឌីត ក្រោយOPEC+ រុស្សុី កាត់បន្ថយការផលិតប្រេង

ចែករំលែក៖

ប្រភពព័ត៌មានពីសេតវិមាន អាមេរិកថ្ងៃទី១១ខែតុលា(ពេលវេលាអាមេរិក)បានឱ្យដឹងថា រដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិនបានប្រកាសថា នឹងវាយតម្លៃឡើងវិញពីទំនាក់ទំនងជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្រោយពេលប្រទេសនេះប្រកាសកាត់បន្ថយការផលិតប្រេង និងនាំប្រេងទៅកាន់ទីផ្សារលើពិភពលោក ។ អង្គការ OPECបានដឹកនាំងាកទៅខាងភាគីរុស្ស៊ីពីការកាត់បន្ថយការផលិតប្រេង។
អង្គការ OPEC+ ដែលមានសម្ព័ន្ធភាពរវាងសមាជិកទាំង ១៣ប្រទេសនិងប្រទេសជាដៃគូមាន១០ប្រទេស ក្នុងនោះមានរុស្សុីផងដែរ កាលពីសប្តាហ៍កន្លងមក បានធ្វើឱ្យអាមេរិកខឹងសម្បាយ៉ាងខ្លាំង ដោយសារតែអង្គការនេះមិនស្តាប់តាមអាមេរិក បានសម្រេចកាត់បន្ថយការផលិតប្រេងដល់ទៅ ២លានបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែវិច្ឆិកាខាងមុខ។
នៅពេលនេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅថ្ងៃអង្គារសប្ដាហ៍នេះបានព្រមានអារ៉ាប៊ី សាអ៊ូឌីតពីផលវិបាក បន្ទាប់ពីអង្គការ OPEC+ កាលពីសប្ដាហ៍មុនបានប្រកាសកាត់បន្ថយការផលិតប្រេងដោយមិនខ្វល់ពីការជំទាស់ពីសហរដ្ឋអាមេរិកដែលស្នើឱ្យបង្កើនការផលិតប្រេង។
អង្គការក្រុមប្រទេសផលិតប្រេង OPEC ទាំង១៣ប្រទេសដឹកនាំដោយអារ៉ាប៊ី សាអ៊ូឌីត និងប្រទេសជាដៃគូចំនួន១០ដឹកនាំដោយរុស្ស៉ីបានឯកភាពគ្នាក្នុងការកាត់បន្ថយការផលិតប្រេង២លានបារែលក្នុងមួយថ្ងៃចាប់ពីខែវិច្ឆិកាខាងមុខនេះតទៅ ដែលនេះកំពុងបង្កឱ្យមានការព្រួយបារម្ភពីប្រេងឡើងថ្លៃ។
ដោយឡែកការព្រមានរបស់លោក បៃឌិន ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយ CNN និងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីសមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលម្នាក់មកពីគណបក្សប្រជាធិបតេយ្យ គឺលោក បុប មេនិនដែស (Bob Menendez) បាននិយាយថា សហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ជាបន្ទាន់នូវរាល់កិច្ចសហប្រតិបត្តិការជាមួយអារ៉ាប៊ីសាអ៊ូឌីត ក្នុងនោះរួមមានទាំងការលក់អាវុធជាដើម។
លោក បៃឌិន មិនបានបញ្ជាក់លម្អិតថា តើសហរដ្ឋអាមេរិកនឹងចាត់វិធានការឆ្លើយតបបែបណា ចំពោះការសម្រេចចិត្តរបស់អារ៉ាប៊ីសាអ៊ូឌីត ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាជាការធ្វើសម្បទានដល់រុស្ស៉ីនោះទេ។ តែយ៉ាងណាក៏ដោយ ខាងសេតវិមានឱ្យដឹងថា សហរដ្ឋអាមេរិកនឹងពិនិត្យឡើងវិញពីទំនាក់ទំនងជាមួយអារ៉ាប៊ី សាអ៊ូឌីត ដោយលោកបៃឌិន នឹងធ្វើការងារជាមួយសភាទាំង២លើកិច្ចការនេះ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ VnEconomy


ចែករំលែក៖