ព័ត៌មានទាន់ហេតុការណ៍៖

ក្រូចសើច​ អាចប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃពុធទី​១២​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានដកស្រង់ចេញផ្សាយពី​សៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា​ បានឱ្យដឹងថា​៖ ក្រូចសើច(Kaffir lime)​ ដើមមានកម្ពស់៣​ ទៅ៦ម៉ែត្រ​ មែកមានបន្លាតូចៗស្រួចវែង។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ស្លឹកទោលរាងពងក្រពើចុងរាងទាលតែមានកំពតស្រួលបន្តិច (mucronate) ៥-៨​ គុណនិង​២-៤សង់ទីម៉ែត្រ​ គែមមានរឹមឆកចូលបន្តិច (crenulate) មានក្រពេញ ប្រេងក្រអូបប្រហើរ ទងស្លឹកមានស្លាបលាតទៅខាងធំស្រដៀងស្លឹក។ ផ្កាទោល ៣-៥ជាកញ្ចុំ (fascicles) នៅគល់មែក ត្របកផ្កា៤ពណ៌សនិងស្វាយនៅចុង ស្រទាប់ផ្កា៤-៥ពណ៌សខងក្នុង ពណ៌ស្វាយឬក្រហមខាងក្រៅ កេសរឈ្មោលច្រើនពី ១៥-៣០ មានទងដាច់ពីគ្នា។ 

ដោយ​ឡែក​ផ្លែមានសម្បកក្រាស់ជ្រួញកំពីកំពក មានក្រពេញប្រេង ក្រអូបឆួល សាច់ផ្លែពណ៌បៃតងខ្ចីរសជាតិជូរហាង។ មានគ្រាប់ច្រើនរាងដូចតំណក់ទឹក ១,៥​ ទៅ១,៨ គុណ​និង​ ១-១-២សង់ទីម៉ែត្រ​។​ មានសារធាតុប្រេងក្រអូប ជាពិសេសនៅលើស្លឹក និងសម្បកផ្លែដែលមានក្រពេញប្រេងសំខាងៗ (essential oils) ច្រើន។ ភាគច្រើនគេដាំនៅក្នុងសួនចម្ការ នៅតំបន់ដីទួលមិនលិចទឹក។ 

សូមជម្រាបជូនថា​ ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖​ គ្រឿងទេស ស្លឹកសម្រាប់ម្ជូរគ្រឿង ឆាគ្រឿង ការី កកូរ។ល។​ រីឯ​ឱសថ គេប្រើស្លឹក សម្បក និងផ្លែលាយជាមួយរុក្ខជាតិផ្សេងទៀតសម្រាប់ឆ្ពុង ជួនកាលគេប្រើប្រាស់ផ្លែវាសម្រាប់កក់សក់៕

ដោយ​៖សហការី​


ចែករំលែក៖