ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ បានឱ្យដឹងថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ពេន ចាន់ថា បានប្ដឹងបាត់ប្រពន្ធរបស់ខ្លួនឈ្មោះ រី ចន្ថា ដោយទទួលដំណឹងថាត្រូវបានគេចាប់បង្ខាំង ចាប់រំលោភនិងគំរាមសម្លាប់។
របាយការណ៍ដដែលបន្តថា ក្រោយពីបានទទួលបណ្ដឹងភ្លាម នាយកដ្ឋានបានបើកការស្រាវជ្រាវបន្ទាន់ដោយប្រើរយៈពេល០៣ថ្ងៃ ហើយរកឃើញថាជារឿងប្រឌិតការណ៍ពិត មិនត្រូវបានគេបង្ខាំងចាប់ទុករំលោភបូក ធ្វើទារុណកម្ម និងគំរាមសម្លាប់អ្វើនោះទេ រឿងដែលកើតមាននេះគឺជាផែនការសាមីខ្លួនដែលប្រឌិតរឿងនេះឡើងដើម្បីគេចវេះពីការដាក់សម្ពាធពីក្រុមគ្រួសារនិងប្ដីដែលខ្លួនបានស្នើសុំលែងលះគ្នាជាច្រើនដង។
ដោយមានការសហការជាមួយកម្លាំងស្នងការដ្ឋាននគររាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានរកឃើញជនរងគ្រោះនៅផ្ទះមិត្តភក្ដិដែលរាប់អានគ្នា។ ជាចុងក្រោយនាយកដ្ឋានបានធ្វើការណែនាំអប់រំពីការធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម សាមីខ្លួនបានទទួលស្គាល់កំហុសរបស់ខ្លួន ព្រមទាំងធ្វើការសុំទោសជាលាយលក្ខណ៍អក្សរចំពោះសមត្ថកិច្ចនាយកដ្ឋាន ដោយសន្យាថាមិនឱ្យមានករណីបែបនេះកើតឡើងជាលើកទី២ទៀតទេ៕
ដោយ៖សហការី