ខេត្តកំពង់ស្ពឺ៖ បេីយោងតាមប្រភពព័ត៌មានពីផេកហ្វេសប៊ុកផ្លូវការរបស់កងព័ទជេីងគោក នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃពុធទី១២ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគណៈកម្មការគ្រប់គ្រងសកម្មភាពបោសសំអាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាម របស់កងទ័ពជើងគោក កងអនុសេនាតូចបោសសំអាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមរបស់កងពល ក្រោយពេលពិធីបិទវគ្គហ្វឹកហ្វឺនរយៈពេល២ខែ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២កន្លងមក បានធ្វើយុទ្ធដំណើរទ័ព នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ចូលភូមិសាស្ត្រ ភូមិព្រៃឬស្សី និងភូមិក្បាលទឹកលើ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីធ្វើការប្រុងប្រៀប ត្រៀមលក្ខណៈបំពេញភារកិច្ចបោសសំអាតមីន។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ កាលពីថ្ងៃទី១១ ខែតុលាម្សិលមិញនេះ បានដឹកនាំគណ:ប្រតិភូកងពល អញ្ជើញសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន កងអនុសេនាតូចបោសសំអាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមរបស់កងពល ដែលកំពុងរៀបចំប្រុងប្រៀបបំពេញភារកិច្ចបោសសំអាតមីន តាមបទបញ្ជារបស់មេបញ្ជាការកងទ័ពជើងគោក ស្ថិតនៅភូមិក្បាលទឹកលើ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កងអនុសេនាតូចបោសសំអាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមរបស់កងពល ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ដឹកនាំ និងហ្វឹកហ្វឺនកន្លងមក ត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ចថ្មីមួយទៀតដែលធ្ងន់ធ្ងរ និងឧត្តុង្គឧត្តមបំផុត ដើម្បីរំដោះដីដែលនៅសល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់ពីសង្គ្រាមឱ្យអស់ ជូនប្រជាពលរដ្ឋ ក្លាយទៅជាស្នាមញញឹមរបស់ពួកគាត់ ក្នុងការបង្ករបង្កើនផលនាថ្ងៃអនាគត។
ជាមួយគ្នានោះ លោកមេបញ្ជាការ បានផ្តាំផ្ញើរដល់យោធិនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលអនុវត្តភារកិច្ច ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស រក្សាបាននូវសុវត្តិភាពទាំងមនុស្ស មធ្យោបាយ សម្ភារ: និងសម្រេចជោគជ័យភារកិច្ចដែលថ្នាក់លើបានប្រគល់។ ព្រមទាំងបានផ្តាំផ្ញើរដល់បងប្អូន ត្រូវរក្សាការសាមគ្គីល្អ មានវិន័យ សីលធម៌ថ្លៃថ្នូររបស់កងទ័ព ត្រូវមានការសហការ ទំនាក់ទំនងល្អជាមួយអង្គភាពមិត្ត និងប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រដែលកំពុងបំពេញភារកិច្ច ហើយត្រូវរក្សាសុខភាពឱ្យបានល្អ ជាពិសេសការពារជំងឺកូវីដ-១៩។
ក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង បាននាំយកគ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថមដល់កងអនុសេនាតូចផងដែរ៕
ដោយ៖សហការី