ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី អោង សានស៊ូជី ត្រូវកាត់ទោសជាប់ពន្ធនាគារបន្ថែម ៣ឆ្នាំទៀតពីបទពុករលួយ

ចែករំលែក៖

តុលាការមីយ៉ានម៉ា ទើបតែបានសម្រេចកាត់ទោសលោកស្រី អោងសាន ស៊ូជី ឱ្យជាប់ពន្ធនាគារបន្ថែម៣ឆ្នាំទៀត ។ លោកស្រី ស៊ូជី អាយុ៧៧ឆ្នាំ ជាអ្នកដែលធ្លាប់ទទួលបានពានរង្វាន់ណូបែលសន្តិភាព ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយកម្លាំងយោធាប្រទេសនេះធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល។
ចាប់តាំងពីពេលនោះមក លោកស្រី ស៊ូជីត្រូវបានចោទប្រកាន់ពីបទល្មើសចំនួន១៨ករណីផ្សេងគ្នា ក្នុងនោះមានការបំពានច្បាប់បោះឆ្នោត ពុករលួយ រឿងសម្ងាត់ជាតិ… បើសរុបទោសទាំងអស់ លោកស្រីអាចនឹងជាប់គុក១៩០ឆ្នាំ។
ប៉ុន្តែលោកស្រី ស៊ូជី បានថ្កោលទោសយ៉ាងខ្លាំងដល់ការចោទប្រកាន់ប្រឆាំងលោកស្រី គឺជារឿងមិនសមហេតុផល។ លោកស្រីក៏បានច្រានចោលរាល់ការចោទប្រកាន់ទាំងនោះ។ នៅពេលនេះលោកស្រីត្រូវបានឃុំខ្លួននៅរដ្ឋធានី Naypyitaw ហើយតែងតែបញ្ជូនឡើងតុលាការ ដើម្បីកាត់ទោសជាសម្ងាត់។

សារព័ត៌មានរ៉យទ័រ បានផ្សាយថា ការកាត់ទោសជាប់គុក៣ឆ្នាំដោយចោទប្រកាន់ទទួលសំណូកពីក្រុមហ៊ុនឯកជនមួយ។ ក្រុមអ្នកជំនាញបានលើកឡើងថា គោលដៅនៃការកាត់ទោសខាងលើរបស់តុលាការមីយ៉ាន់ម៉ា ក្នុងគោលដៅរារាំងលោកស្រីបន្តនយោបាយដឹកនាំប្រទេសម្តងទៀត៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖