ភ្នំពេញ៖ នៅរដ្ឋបាលខណ្ឌ៧មករា នារសៀលថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២២នេះ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន ដែលបានដំណេីរការអស់រយៈពេលពេញ ១ថ្ងៃ ជូនដល់បងប្អូនកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ សង្កាត់ និង ផ្សារ ចំនួន ៥៨ នាក់ ក្រោមការដឹកនាំ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា ។
នាឱកាសនោះ លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង សូមចូលរួមកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ ។
លោកអភិបាលរងខណ្ឌ៧មករារូបនេះ សង្ឃឹម និងជឿជាក់ថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះហេីយ អស់លោក លោកស្រី ជាសិក្ខាកាមទាំងអស់ នឹងអាចយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តឲ្យបានកាន់តែទូលំទូលាយ ក៏ដូចជាជួយដល់ជនរងគ្រោះនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ព្រោះថាបងប្អូនគឺជាអ្នកនៅជិត និង ចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានជាងគេបំផុត ឬក៍អាចដើរតួនាទីជាគ្រូពេទ្យក្នុងការជួយសង្គ្រោះបឋមជូនប្រជាជនដែរកើតហេតុចំពោះមុខយើងបាន ។
លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់ថា ជាលទ្ធផលក្នុងវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាននេះ សិក្ខាកាមទទួលបាននិទ្ទេសល្អ ៧០ ភាគរយ និង មធ្យម ៣០ ភាគរយ ក្រោយសិក្ខាកាមធ្វើការបញ្ចប់វគ្គរយះពេល១ថ្ងៃរួចមក គឺបានទទួលវិញ្ញាប័នប័ត្រគ្រប់ៗគ្នា ៥៨នាក់ផងដែរ៕
ដោយ៖ស តារា