ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិគ្រប់គងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២

សូមក្រាបថ្វាយបង្គំព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនជនរួមជាតិ ជាទីមេតី្រ!

ក្នុងឱកាសដ៏វិសេសវិសាលនៃការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយទិវាអាស៊ាន គ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្រោមមូលបទ “រួមគ្នាដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយ» ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា មានក្តីសោមនស្សរីករាយ សូមថ្លែងនូវ សារលិខិតថ្វាយសម្តេចព្រះសង្ឃរាជ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនបងប្អូនជនរួមជាតិ ក្នុងគោលបំណងលើកកម្ពស់ស្មារតីនៃការគ្រប់គ្រងគ្រោះមហន្តរាយក្នុងក្របខណ្ឌពហុវិស័យឈរលើគ្រប់ ទិដ្ឋភាពនៃសេដ្ឋកិច្ចសង្គមប្រកបដោយបរិយាប័ន្ន។

ក្នុងវេលាដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ សូមក្រាបបង្គំថ្វាយនូវគារវភក្តី និងកតញ្ញុតាធម៌ថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ

ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គទាំងទ្វេបានយក ព្រះទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គ ជាមួយព្រះកាយវិការប្រណី អាណិតស្រឡាញ់ ប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ ជាអំណោយដ៏ថ្លៃថ្លាជួយដល់ប្រជារាស្ត្រ ទីទាល់ក្រ ក៏ដូចជាបងប្អូន កូនចៅ ដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។

ជាមួយនេះដែរ ខ្ញុំព្រះករុណា ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ និងថ្លែងអំណរ ព្រះគុណ និងអរគុណប្រគេនព្រះរថេរានុត្ថេរៈ និងជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ ឧកញ៉ា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ ផ្នែកឯកជន សប្បុរសជនជាតិ អន្តរជាតិ និងប្រទេសជាមិត្ត ដែលតែងបានឧបត្ថម្ភ គាំទ្រ និងបរិច្ចាគធនធានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនោះការឆ្លើយតបចំពោះប្រជាជនរងគ្រោះ ដោយគ្រោះមហន្តរាយ រួមមានការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលកំពុងបន្តប៉ះពាល់ដល់សុខភាពប្រជាជននិងសេដ្ឋកិច្ចសង្គមពិភពលោកទាំងមូល។

រហូតមកទល់ពេលនេះ ពិភពលោកកំពុងទទួលឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុបណ្តាលឱ្យ កើតមានគ្រោះមហន្តរាយធំៗជាច្រើន បង្កផលប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ និងសេដ្ឋកិច្ចសង្គម ធ្ងន់ធ្ងរបន្ថែមលើឱនភាពសកល ដែលបានកើតឡើងដោយសារមូលហេតុផ្សេងៗ និងភាពផុយស្រួយ នៃការងើបឡើងវិញរបស់សេដ្ឋកិច្ចសកលពីជំងឺកូវីដ-១៩។

សម្រាប់កម្ពុជាស្ទើរជារៀងរាល់ឆ្នាំ បានរងផលប៉ះពាល់ពីទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ និងគ្រោះមហន្តរាយផ្សេងៗទៀត។ ទោះជាយ៉ាងណារាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ អាទិភាពខ្ពស់លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានពុះពារគ្រប់ឧបសគ្គ ប្រយុទ្ធលើគ្រប់សមរភូមិ ម្ចាស់ការបានលើគ្រប់ទិដ្ឋភាពនិងគ្រប់កាលៈទេសៈ។ ដោយមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា អនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយការវិនិយោគ ជារួម ទៅលើកំណើនសេដ្ឋកិច្ច ដែលជាឆ្អឹងខ្នងនៃសមត្ថភាពជាតិក្នុងការគ្រប់គ្រង និងការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ រួមនឹងការវិនិយោគដោយផ្ទាល់ទៅលើវិស័យជួរមុខ រួមមាន៖ វិស័យកសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បរិស្ថាន សន្តិសុខ និងការពារជាតិ។ល។

យើងបានបញ្ជ្រាបនិងធ្វើសមាហរណកម្មតាមបែបរូបវន្តនិងអរូបវន្តនៃសកម្មភាពគ្រប់គ្រងគ្រោះ មហន្តរាយទៅក្នុងការវិនិយោគនិងផែនការអភិវឌ្ឍន៍តាមវិស័យ ក្នុងចំណោមក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សំដៅធានាឱ្យការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្លាយជាចលករជា ធាតុចូលនិងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាព។

ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ!

មូលបទ “រួមគ្នាដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយ» ដែលបានលើកយកមកប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់យើងនាពេលនេះ ពិតជាសក្តិសមបំផុតជាមួយនឹងការប្រឈម ដែលកាន់តែកើនឡើងនៃមុខសញ្ញាគ្រោះថ្នាក់និងការប្រែប្រួល អាកាសធាតុនៅក្នុងពិភពលោក។

ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាការកាត់បន្ថយផលប៉ះពាល់លើជីវភាពរស់នៅ និង សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ នៅពេលដែលប្រទេសជាតិមួយបានអភិវឌ្ឍខឿនសេដ្ឋកិច្ចក៏រឹងមាំ ប្រកបដោយភាពធន់ មានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ អាចកាត់បន្ថយហានិភ័យ ឆ្លើយតបបានទាន់ពេលវេលា មានប្រសិទ្ធភាព និងអាចស្តារឡើងវិញបានឆាប់រហ័ស ។ 

សូមអានទាំស្រុងនូវ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដូចខាងក្រោម ៕

ដោយ : សិលា


ចែករំលែក៖