ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅព្រឹកថៃ្ងព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូច ខាងក្រោម៖

១- អង្គប្រជុំបានអនុម័តយល់ព្រម សំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែម សមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ក្នុងសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ។

២- អង្គប្រជុំបានអនុម័តកាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅព្រឹក ថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទី ដោយមានរបៀបវារៈ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែម សមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន៕ 

ដោយ : សិលា


ចែករំលែក៖