ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុស២នាក់ លង់ទឹកប្រឡាយបាត់បង់ជីវិត នៅ២ទីតាំងផ្សេងគ្នា ក្នុងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ បើតាមបណ្ដាញផ្សព្វផ្សាយព័ត៌មាននៃស្នងការនគរបាលខេត្តបាត់ដំបងផ្សាយថ្ងៃទី១៣ ខែ តុលាឆ្នាំ២០២២នេះថា មានករណីក្មេងប្រុស២នាក់ ចុះលេងទឹកប្រឡាយ បណ្តាលអោយលង់ទឹកស្លាប់បាត់ បង់ជីវិត នៅ២ទីតាំងផ្សេងគ្នា ដែល១ករណីនៅស្រុកបាណន់ និង១ករណីទៀតនៅស្រុកថ្មគោល ក្នុងខេត្តបាត់ដំបង។

ករណីទី១-កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី៤ ភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ជនរងគ្រោះឈ្មោះ ហូ ស៊ីថា ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានចុះលេងទឹកហូរឆ្លងកាត់ផ្លូវចូលក្នុងប្រឡាយ ដែលមានទឹកជម្រៅ ២ម៉ែត្រ ដែលទឹកកំពុងគួចហូរខ្លាំង ទើបបណ្តាលអោយលង់ស្លាប់បាត់បង់ជីវិត តែម្តង។

ករណីទី២- កាលពីវេលាម៉ោង៨យប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចប្រឡាយបេង ស្ថិតនៅក្រុមទី ០១ ភូមិជ្រៃថ្មីឃុំជ្រៃស្រុកថ្មគោល។ ជនរងគ្រោះឈ្មោះ ឆាយ សៀវហ្វុង ភេទប្រុស អាយុ១០ឆ្នាំ មានទីលំនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

 តាមការបំភ្លឺរបស់ក្រុមគ្រួសារបានអោយដឹងថា នៅ ពេលកើតហេតុកូនប្រុសខ្លួន បានចុះទៅលេងទឹកប្រឡាយបេង ខណៈសមាជិកគ្រួសារកំពុងរវល់ធ្វើការ ងារផ្ទះ មិនបានមើល និងហាមកូន ទើបបណ្តាលអោយកូនចុះលេងលង់ទឹកស្លាប់ ។

ក្រោយពីទទួលបានពត៌មានកម្លាំងនគរបាលផ្នែកជំនាញ នៃអធិការនគរបាលស្រុកទាំង២ បានសហការជាមួយលោកគ្រូពេទ្យជំនាញស្រុក បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុ លើកុមារារងគ្រោះទាំង២ នាក់ខាងលើ ឃើញថា ពិតជាលង់ទឹកប្រឡាយស្លាប់ពិតប្រាកដមែន ។

បច្ចុប្បន្នសាកសពកុមារារងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សូរិយា


ចែករំលែក៖