ខេត្តកណ្តាល៖ ក្មេងស្រីម្នាក់ដែលសមត្ថកិច្ចសង្គ្រោះបានភ្លាមៗ ក្នុងចំណោមសិស្សសាលាជាង ២០ នាក់ ក្រោយលិចទូកដរ នាវេលាម៉ោង ១៩:១៥ នាទីយប់ ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២២ ស្ថិតនៅក្នុង ភូមិ កោះចំរើន ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ខណៈដែលសមត្ថកិច្ចកំពុងរាវរកសិស្សសាលាផ្សេងៗទៀត។
សួនបញ្ជាក់ថា: លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានដឹកនាំកម្លាំងចុះត្រួតពិនិត្យករណីលិចទូកដរទទឹង ដែលបានកើតហេតុកាលពីវេលាម៉ោង១៩”០០នាទី ស្ថិតនៅចំណុច ទូកដរទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
ករណីខាងលើនេះបណ្ដាលឱ្យលិចទូកដរទទឹង បាត់ខ្លួនសិស្សសាលា ប្រហែល ១៤ ទៅ ១៥ នាក់ ដែលមានទីលំនៅកន្លែង ភូមិ ឃុំកើតហេតុខាងលើ ហើយកម្លាំងអធិការដ្ឋាននគរបាលស្រុកលើដែក យើងបានចុះសហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ប្រជាការពារ និង ប្រជាពលរដ្ឋ ចុះស្វែងរក និង ជួយសង្គ្រោះ សិស្សសាលា បានចំនួន ០៤ នាក់ ស្រី០១នាក់ ហើយបានបញ្ជូនទៅសង្គ្រោះតាមរថយន្តសាមុយ នៅមន្ទីរពេទ្យបង្អែកស្រុកលើកដែក ពេលទៅដល់មន្ទីរពេទ្យបានស្លាប់ចំនួន ០២នាក់ស្រី០នាក់ ដោយមិនទាន់ស្គាល់អត្តសញ្ញាណពិតប្រាកដនៅឡើយ ។
ករណីនេះបណ្ដាលមកពី ម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោង សម្រាប់ការពារ។
បច្ចុប្បន្ន កម្លាំងយើង កំពុងតែបន្ត ស្វែងរក ដោយប្រើប្រាស់មធ្យោបាយទូកចំនួន ០៥ គ្រឿង ៕
ដោយ៖ សុខ ខេមរា