ខេត្តស្វាយរៀង៖ មានហេតុការណ៍គួរឱ្យរន្ធត់មួយខណៈដែលបុរសជាកម្មករសំណង់ម្នាក់បានឡើងផ្សារដែកនៅលើខ្លោងទ្វារវត្តលក្ខរាជា តែចៃដន្យអាក្រក់ត្រូវខ្សែភ្លើងឆក់ស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងវេលាសៀល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរសៀលថ្ងៃទី១៣ខែតុលាឆ្នាំ២០២២ស្ថិតនៅខ្លោងទ្វារវត្តលក្ខរាជាក្នុងឃុំកំពង់ចក ស្រុករំដួល។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះវ៉ែន ផាន់ណា អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅក្នុងភូមិឆ្អឹងពស់ ឃុំកំពង់ចក ស្រុករំដួល។
តាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះនិងមិត្តភក្កិដែលជាកម្មករសំណង់បានមកធ្វើការដូចសព្វដង ខណៈដែលបុរសឈ្មោះ វ៉ែន ផាន់ណា បានឡើងលើខ្លោងទ្វារវត្តដើម្បីផ្សារដែក។
ក្រោយមកប្រមាណកន្លះម៉ោងស្រាប់តែជនរងគ្រោះត្រូវខ្សែភ្លើងឆក់បង្កការភ្ញាក់ផ្អើលដល់មិត្តរួមការងារប្រញាប់ប្រញាល់ជួយសង្គ្រោះនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានចុះទៅធ្វើអន្តរាគមន៍ដោយហៅរថយន្តសាមុយដឹកទៅកាន់មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ប៉ុន្តែអកុសលហួសពេលទៅហើយ។
សូមបញ្ជាក់ថា ក្រោយកើតហេតុក៏ឃើញវត្តមានលោកអភិបាលស្រុកដែលទើបឡើងកាន់តំណែងថ្មី លោកអភិបាលរងស្រុកចុះមកផ្ទាល់ធ្វើអន្តរាគមន៍លើកជនរងគ្រោះដាក់ក្នុងរថយន្តសាមុយផងដែរ។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ សុថាន