អភិបាលតំបន់ Kherson ដែលរុស្ស៊ីគ្រប់គ្រងកំពុងរងការវាយប្រហារយ៉ាងខ្លាំងពីប្រទេសអ៊ុយក្រែន ។ ក្នុងពេលនេះ រុស្ស៊ីក៏បានអំពាវនាវឱ្យពលរដ្ឋភៀសខ្លួនចូលក្នុងទឹកដីរុស្ស៊ីជាបណ្តោះអាសន្ន ។
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា ក្រុមអ្នកជម្លៀសខ្លួនចេញពីតំបន់ Khersonភាគខាងត្បូងប្រទេសអ៊ុយក្រែនត្រូវបានគេរំពឹងថានឹងទៅដល់ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រនេះ បន្ទាប់ពីមន្ត្រីដែលទីក្រុងមូស្គូលើកបន្តុបស្នើឱ្យពួកគេចាកចេញដើម្បីធានាសុវត្ថិភាពរបស់ខ្លួន ក្រោយពីមានសញ្ញានៃការចុះខ្សោយរបស់កងកម្លាំងទីក្រុងមូស្គូ នៅលើទឹកដីដែលខ្លួនអះអាងថាបានកាត់បញ្ចូលមកធ្វើជារបស់ខ្លួន។
មន្រ្តីដែលរុស្ស៉ីលើកបន្តុបក្នុងតំបន់ខឺសុន លោក Vladimir Saldo បានធ្វើការអំពាវនាវតាមវីដេអូមួយ ឱ្យអ្នកស្រុកក្នុងតំបន់នេះចាកចេញជាបន្ទាន់ចូលក្នុងប្រទេសរុស្ស៉ីដើម្បីការពារខ្លួនពីផលវិបាកនានាដែលកើតចេញពីករវាយប្រហារដោយមីស៉ីល។
បើតាមសារព័ត៌មានរុស្ស៉ី TASS, ជនស៉ីវិលក្រុមដំបូងនៃតំបន់ខឺសុន អាចទៅដល់តំបន់រ៉ូសតូវ (Rostov) ប្រទេសរុស្ស៉ីនៅថ្ងៃសុក្រនេះ។
តំបន់ Kherson គឺជាតំបន់មួយក្នុងចំណោមតំបន់ចំនួន៤របស់អ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ីបានកាត់បញ្ចូលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់បំផុត។ វាជាទីតាំងច្រកផ្លូវគោកតែមួយគត់ទៅកាន់តំបន់គ្រីមៀ ដែលរុស្ស៊ីដណ្តើមកាន់កាប់កាលពីឆ្នាំ២០១៤៕ ដោយ៖ ធីរីណា
រូបថត ៖ NYT times
រូបថត ៖ Getty Images