ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលស្រុករមាសហែក ណែនាំដល់បងប្អូនពលរដ្ឋថា ពេលបានផ្លូវចាក់បេតុងល្អងាយស្រួលធ្វើដំណើរ សូមចូលរួមថែរក្សាទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនរបស់បុគ្គលណាម្នាក់ឡើយ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក ណែនាំដល់បងប្អូនពលរដ្ឋថា ពេលបានផ្លូវបេតុងល្អងាយស្រួលធ្វើដំណើរ សូមចូលរួមថែរក្សាទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនរបស់បុគ្គលណាម្នាក់ឡើយ។

ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង១.៦៣០ម៉ែត្រ ស្ថិតនៅភូមិតាត្រាវ ភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

លោក បានថ្លែងថា ការចាប់ផ្តើមដំណើរការបើកការដ្ឋានសាងសង់នៅពេលនេះ បញ្ជាក់ឲ្យឃើញថា អាជ្ញាធរស្រុកនៅតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះ ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ក្នុងធ្វើដំណើរទៅមកនៅពេលពិបាក ជាពិសេសនោះ ក្រោមការដឹកនាំរបស់ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងតែងតែយកចិត្តទុកប្រជាពលរដ្ឋជានិច្ចចំពោះបញ្ហា ផ្លូវ ទឹក ភ្លើងព្រោះទាំងនេះជាជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋដែលរស់នៅគ្រប់មូលដ្ឋាន ហេតុនេះទីណាមានប្រជាពលរដ្ឋរស់នៅត្រូវមាន ផ្លូវទឹកភ្លើងដល់ទីនោះ។

លោកបានថ្លែងបន្តថា មិនថា ផ្លូវតូច ឬធំនោះទេ ព្រោះផ្លូវ គឺជាសរសៃឈាមនៃខឿនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិផង សម្រាប់ប្រជាពលរដ្ឋផង ហើយក៏ធនធាន នៃការអភិវឌ្ឍន៍ប្រទេសជាតិទៅរកភាពរីកចំរីន។

លោកបានណែនាំដល់បងប្អូនពលរដ្ឋថា ពេលបានផ្លូវចាក់បេតុង ល្អងាយស្រួលធ្វើដំណើរ សូមចូលរួមថែរក្សាទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនរបស់បុគ្គលណាម្នាក់ឡើយ ហើយសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ គួរតែណែនាំដល់ម្ចាស់អាជីវកម្មដឹកដីលក់ កុំឲ្យដឹកហួសការកំណត់ នាំឲ្យខូចខាតផ្លូវរបស់រដ្ឋគិតតែផលប្រយោជន៍ខ្លួនឯងពិសេសសូមឲ្យបងប្អូនចូលរួម ថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ៕

ដោយ៖ សុថាន


ចែករំលែក៖