ភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលដាក់សំណើរស្នើសុំសេចក្តីទុកចិត្តពីរដ្ឋសភា ហើយរដ្ឋសភាជាតិ បានបោះឆ្នោតមានសំឡេងគាំទ្រ លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សំឡេង១១១លើ១១១ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។
ព្រះមហាក្សត្រត្រាស់បង្គាប់ :
មាត្រា១ : តែងតាំងមុខតំណែងឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល
បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។
សូមបញ្ជាក់ថា, លោក ឌិត ទីណា អតីតរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលរដ្ឋ ត្រូវបានសមាជិករដ្ឋសភា ១១១/១១១រូប បោះឆ្នោតគាំទ្រជាឯកច្ឆ័ន ផ្តល់សេចក្តីទុកចិត្ត ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
លោក ឌិត ទីណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ស្នើបោះឆ្នោតទុកចិត្តជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីលោក វេង សាខុន ត្រូវបានព្រះមហាក្សត្រខ្មែរ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងកាលពីថ្ងៃទី០៨ ខែតុលា កន្លងទៅ។
ការស្នើនេះធ្វើឡើងដោយយោងទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។
យោងតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី មាត្រា២១ បានចែងថា នាយករដ្ឋមន្ត្រីលើកសំណើផ្លាស់ប្តូរ និងជំនួសសមាជិករាជរដ្ឋាភិបាលជូនរដ្ឋសភា ដើម្បីបោះឆ្នោតទុកចិត្ត។ ក្រោយពីរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយ សមាជិករាជរដ្ឋាភិបាលនោះ ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ។
សូមបញ្ជាក់ថា លោក ឌិត ទីណា ជាកូនរបស់លោក ឌិត មុន្ទី ប្រធានតុលាការកំពូល។ លោក ឌិត ទីណា កើតនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ នៅសង្កាត់លេខ១ ក្រុងភ្នំពេញ។
លោក ឌិត ទីណា បានបំពេញការងារជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ពីឆ្នាំ២០១៤ ដល់ពេលបច្ចុប្បន្ន, ជារដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ និងជាអនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។
លោក ឌិត ទីណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររូបវិទ្យា ពីសាកលវិទ្យាល័យ Orsay, Paris Sud នៅឆ្នាំ២០០០ និងបញ្ចប់សញ្ញាបត្រវិស្វកររ៉ែ ពី Ecole Nationale Superieure des mines de Paris នៅឆ្នាំ២០០២។
លោក ឌិត ទីណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ធ្លាប់ទម្លាយថា ជាអ្នកពូកែលេងអុកមួយរូបផងដែរ ៕
ដោយ : សិលា