ព័ត៌មានទាន់ហេតុការណ៍៖

រូបភាព និងសកម្មភាព កម្លាំងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ចុះជួយស្វែងរកសពសិស្សសាលា ករណីលិចទូកដរនៅស្រុកលើកដែក ខេត្តកណ្ដាល

ចែករំលែក៖

ខេត្តកណ្តាល ៖ កងកម្លាំងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បំពាក់ដោយសម្ភារៈមុជទឹក ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានចុះជួយស្វែងរកសពសិស្សសាលា ករណីលិចទូកដរនៅស្រុកលើកដែក នាយប់ថ្ងៃព្រហស្បតិ៍ត្រូវនិងថ្ងៃទី១៣ ខែតុលាឆ្នាំ២០២២ វេលាម៉ោង២២:៣០នាទី ​ ស្ថិតនៅចំណុច ទូកដរទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

ករណីខាងលើនេះបណ្ដាលឱ្យលិចទូកដរ និង បាត់ខ្លួនសិស្សសាលាចំនួន ១៥នាក់ និងម្ចាស់ទូកបានលិច ។ ដោយទទួលបានបទបញ្ជាពី លោកមេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស និងដោយមានសំណូមពរពីអាជ្ញាធរមូលដ្ឋាន កម្លាំងបញ្ជាការដ្ឋានទ័ពពិសេសចំនួន ២២នាក់ បានសហការជាមួយកម្លាំង CMAC  និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានចុះបេសកកម្ម ប្រតិបត្តិការរុករកនិងសង្គ្រោះជនរងគ្រោះ នៅការដ្ឋានទី៥ នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ។

ជាលទ្ធផល កម្លាំងនៃបញ្ជាការដ្ឋានកងទ័ពពិសេសបានរុករកឃើញជនរងគ្រោះចំនួន ១៤ នាក់ នៅរស់រៀនមានជីវិតចំនួន ៤នាក់ ស្លាប់បាត់បង់ជីវិតចំនួន ៩នាក់ នៅបាត់ខ្លួនចំនួន ០១នាក់។ កម្លាំងទាំងអស់កំពុងបន្តរុករក ស្វែងងរក និងជួយសង្គ្រោះបន្តទៀត ៕

ដោយ : សហការី


ចែករំលែក៖