ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតរំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះក្រុមគ្រួសារ និងសាច់ញាតិ ជនរងគ្រោះទាំងអស់ក្នុងឧបទ្ទវហេតុលិចទូកចម្លងសិស្សានុសិស្ស ក្នុងខេត្តកណ្តាល

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតរំលែកទុក្ខ ជូនចំពោះ ក្រុមគ្រួសារ និងសាច់ញាតិ ជនរងគ្រោះទាំងអស់ក្នុងឧប្បទ្ទវហេតុ លិចទូកចម្លងសិស្សានុសិស្ស ក្នុងខេត្តកណ្តាល ។

ខ្ញុំនិងភរិយា មានសេចក្តីក្រៀមក្រំបំផុតចំពោះឧបទ្ទវហេតុដ៏សោកសង្រេង នៃការលិចទូកចម្លង សិស្សានុសិស្ស ចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្ដាលអោយស្លាប់ជាច្រើននាក់ មួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និង មួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ។

ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅ ប្រកបដោយសេចក្តីសង្វេគជាពន់ពេក ជាមួយក្រុមគ្រួសារ និងសាច់ញាតិដែលបានបាត់បង់កូនៗ ចៅៗ ក្មួយៗ ជាសមាជិករបស់ខ្លួននៅក្នុងហេតុការណ៍ដ៏សោកសៅនេះ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធកូនៗ ចៅៗ ក្មួយៗ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំង សូមជូនពរដល់កូនក្មួយ ជាជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សូមបានឆាប់ជាសះស្បើយ និងបានវិលមកបន្តការសិក្សាជាធម្មតាឡើងវិញ។

មកទល់ពេលនេះក្រុមការងារអាជ្ញាធរមានសមត្ថកិច្ច កំពុងបន្តខិតខំយ៉ាងសស្រាក់សស្រាំ ប្រមូលគ្រប់ មធ្យោបាយដើម្បីពន្លឿនការស្វែងរកជនរងគ្រោះ។

សូមក្រុមគ្រួសារ និងសាច់ញាតិកូនក្មួយជនរងគ្រោះទាំងអស់ ទទួលនូវសេចក្តីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុតអំពីខ្ញុំ និងភរិយា ៕

ដោយ : សិលា


ចែករំលែក៖