បណ្តាប្រទេសជាសមាជិកណាតូ បានចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅតំបន់សមុទ្រមេឌីទែរ៉ាណេ ដែលមានឈ្មោះថា Neptune Strike (NEST 22-2) ដោយមានយុទ្ធសាស្ត្រវាយលុកនិងជួយដល់ប្រទេសជាសម្ព័ន្ធមិត្តពេលរងការវាយប្រហារ។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា បក្សសម្ព័ន្ធយោធាណាតូ (NATO) បានឱ្យដឹងថា យន្ដហោះចម្បាំង៦០គ្រឿង ក្នុងនោះរួមមានទាំងយន្ដហោះទម្លាក់គ្រាប់បែក អាមេរិក B-52 នឹងត្រូវចូលរួមក្នុងសមយុទ្ធយោធានុយក្លេអ៊ែរមានឈ្មោះថា «Steadfast Noon» នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ។
បើតាមណាតូ បែលហ្សិកនឹងធ្វើជាម្ចាស់ផ្ទះរៀបចំសមយុទ្ធខាងលើ ដែលមានប្រទេសជាសមាជិកណាតូចំនួន១៤ចូលរួមក្នុងការបណ្ដុះបណ្ដាលការហោះហើរលើដែនអាកាសបែលហ្សិក សមុទ្រ North Sea និងចក្រភពអង់គ្លេស ដើម្បីអនុវត្តពីការប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរអាមេរិក មានមូលដ្ឋានក្នុងតំបន់អឺរ៉ុប។
សមយុទ្ធនុយក្លេអ៊ែរនេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៣០ ខែតុលា និងធ្វើឡើងចំពេលភាពតានតឹងរវាងរុស្ស៉ី នឹងលោកខាងលិចឡើងកម្ដៅរឹតតែខ្លាំង ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ ក្រុមមន្ត្រីណាតូបានឱ្យដឹងថាសមយុទ្ធនេះទៀតសោត មិនមានការបាញ់គ្រាប់ពិតនោះទេ ហើយក៏មិនមែនធ្វើឡើងដោយសារតែភាពតានតឹងជាមួយ
រុស្ស៉ីនោះដែរ ពោលគឺជាសមយុទ្ធតាមទម្លាប់ធម្មតាដែលបានគ្រោងទុកជាយូរមកហើយ៕ ដោយ៖ ធីរីណា
រូបថត៖ NATO