ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ​ អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១០ឆ្នាំ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ អញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត និងប្រជាពលរដ្ឋ គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១០ឆ្នាំ នៅវេទិកា៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

តាងនាមឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ និងប្រជាពលរដ្ឋ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់ខួប ១០ឆ្នាំ (ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២-ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២) ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុងឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សារ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ 

ទូលបង្គំចងចាំជានិច្ច ព្រះមហាករុណាទិគុណ និងគំរូវីរភាពរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណចំពោះជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ។ 

សូមគោរពអញ្ជើញ បងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញចូលរួមអុចទៀនធូប គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” នៅវេទិកា៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

ដោយ​៖សហការី​


ចែករំលែក៖