ខេត្តសៀមរាប ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់ខេត្ត សៀម រាបបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ា ឆានី ភេទ ប្រុស អាយុ១៨ ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅកន្លែងធ្វើការសំណង់ស្ថិតក្នុងភូមិបឹង សង្កាត់ក្របីរៀលក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធករណីឃាតកម្ម ដោយមានទារុណកម្ម អំពើឃោរឃៅ រំលោភសេពសន្ថវ: និង អំពើលួចមានស្ថានទម្ងន់ទោសដែលអំពើហិង្សា នេះកើតឡើងកាលពីវេលាម៉ោង ២១និង៣០នាទី ថ្ងៃ ទី១២ ខែតុលា ឆ្នាំ ២០២២ ត្រង់ចំណុចបន្ទប់ជួលក្រុមទី៦ ភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។
កាលពីវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលទទួលបានសេចក្ដីរាយការណ៍ពីក្រុមគ្រួសារជនរងគ្រោះថា ជនរងគ្រោះឈ្មោះ រឿ សារី ភេទស្រី អាយុ ៣៨ឆ្នាំ ស្រុកកំណើតភូមិចន្លោង ឃុំស្រង៉ែ ស្រុកសៀមរាប ខេត្តសៀមរាប បានស្លាប់នៅ ក្នុងផ្ទះជួលកន្លែងកើតហេតុខាងលើ។ ក្រោយទទួលបានព័ត៌មាន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដឹកនាំដោយលោកវរសេនីយ៍ទោសុខ ម៉េងអ៊ាង សហការជាមួយកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត, កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក,កម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលក្របីរៀល និងគ្រូពេទ្យជំនាញ ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព និងកន្លែងកើតហេតុ កំណត់បានថា ការស្លាប់របស់ជនរងគ្រោះខាងលើគឺមានជាប់ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌ ហើយសមត្ថកិច្ចបានបន្តស្រាវជ្រាវស៊ើប អង្កេត រហូតកំណត់បានមុខសញ្ញាជាជនសង្ស័យខាងលើ និងនាំខ្លួនយកសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេជាជនដៃដល់តែម្នាក់ដែលធ្វើសកម្មភាពរំលោភសេពសន្ថវ: និងសម្លាប់ជនរងគ្រោះយកទ្រព្យសម្បត្តិ ។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី១០ និងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ រូបគេបានជិះកង់ឆ្វែលមើលជនរងគ្រោះ នៅចំណុចទីតាំងកន្លែងកើតហេតុខាងលើ លុះដល់ល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២០៖០០នាទី រូបគេបានជិះកង់ចេញពីការដ្ឋានសំណង់ស្ថិតភូមិបឹង សង្កាត់ក្របីរៀល ក្រុង-ខេត្តសៀមរាប ទៅទិញមីឆានិងប្រហិតចៀន នៅចំណុចផ្សារក្របីរៀល រួចជិះកង់សំដៅទៅផ្ទះជនរងគ្រោះ។
ពេលទៅដល់ខ្លួនឃើញជនរងគ្រោះអង្គុយនៅមុខផ្ទះម្នាក់ឯង ចំណែកទ្វារផ្ទះគឺបើកចំហរពេលនោះរូបគេបាន កាន់មីឆានិងប្រហិតចៀន ចូលអង្គុយហូបនៅក្នុងផ្ទះជនរងគ្រោះ តែជនរងគ្រោះមិនបានចូលរួមហូបជាមួយទេ ហើយក៏មិនបាននិយាយអ្វីមកកាន់រូបខ្លួនផងដែរ។ នៅវេលាម៉ោង ២១និង៣០នាទី ពេលរូបគេហូបមីឆា និងប្រហិតចៀនអស់ ស្រាប់តែជនរងគ្រោះដើរចូលទៅបន្ទប់ទឹកក្នុងផ្ទះ ដោយមានចំណង់រួមភេទ និងស្របពេលដែល យប់ស្ងាត់ ហើយជនរងគ្រោះនៅផ្ទះតែម្នាក់ឯង ខ្លួនបានដើរទៅយកខ្សែភ្លើង មានប្រវែងប្រហែល ១៥០សង់ទីម៉ែត្រ នៅលើតុក្បែរគ្រែដេករបស់ជនរងគ្រោះ មកបត់ជាពីរហើយស្ទុះចូលតាមជនរងគ្រោះទៅក្នុងបន្ទប់ទឹក ដែលកំពុងឈរបែរខ្នងមកទ្វារ ដោយប្រើដៃទាំងពីររឹតកជនរងគ្រោះនិងខ្សែភ្លើងរហូតដល់សន្លប់ ហើយខ្លួនបានដើរទៅបិទទ្វារផ្ទះ(ទ្វាររូត)កុំឲ្យអ្នកដទៃមើលឃើញ។ បន្ទាប់ពីបិទទ្វារមុខរួច រូបគេយកដៃទាំងពីរ សូកចូលក្រោមក្លៀកជនរងគ្រោះទាំងសងខាង ចាប់អូសរូបនាងទៅដាក់លើគ្រែ ក្បាលបែទៅទិសខាងលិច ជើងទៅទិសខាងកើត ហើយចាប់ស្រាតខោអាវជនរងគ្រោះ ហើយស្រាតខោខ្លួនឯងត្រឹមជង្គង់ ធ្វើសកម្មភាព រំលោភសេពសន្ថវៈប្រហែល ២ ទៅ ៣នាទី ទើបសម្រេចបំណង។
ដោយឃើញថា ជនរងគ្រោះនៅមានដង្ហើមនិងដៃជើងនៅតែអាចកំរើកបាន ហើយភ័យខ្លាចបែកការណ៍ ទើបរូបគេបានប្រើជើងខាងស្តាំជាន់ និងកន្រ្តំលើ.ក ជនរងគ្រោះខ្លាំងៗជាច្រើនជើង បណ្តាលឲ្យបាក់គ្រែទើបជនរងគ្រោះដាច់ខ្យល់ស្លាប់ ប៉ុន្តែខ្លួនមិនបានដឹងថា ជនរងគ្រោះបាក់កនោះទេ។
បន្ទាប់ពីសម្លាប់ជនរងគ្រោះហើយខ្លួនបានយកទូរស័ព្ទដៃ១គ្រឿងម៉ាក OPPO ពណ៌ក្រហមផ្ទុកស៊ីមកាតលេខៈ០៧៨ ៧៤០ ៤៣៧ និងបន្តទៅរើកកាយមើលក្នុងទូរ ឃើញកាបូបដៃ១ ពណ៌ប្រផេះមានប្រាក់ ២ម៉ឺនរៀល និងបានយកម៉ូតូជនរងគ្រោះម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខៈ សៀមរាប 1Z:2423 បើកចេញដោយដៃម្ខាង និងដៃម្ខាងទៀតបណ្តើរកង់ ដោយបើកហួសផ្លូវបត់ចូលទៅការដ្ឋានសំណង់ដែលខ្លួនស្នាក់នៅបណ្តោះអាសន្ន ប្រហែល ៥០ម៉ែត្រ ក៏សម្រេចចិត្តទុកម៉ូតូនោះចោលនៅចំណុចខ្ទមមួយក្បែរផ្លូវកៅស៊ូ ព្រោះមិនដឹងយកទៅលក់នៅទីណា ម្យ៉ាងទៀតខ្លាចបែករឿង។
បន្ទាប់ពីទុកម៉ូតូប្លុងចោលហើយរូបគេបានជិះកង់ទៅ ដេកនៅការដ្ឋានធ្វើសំណង់ស្ថិតនៅភូមិបឹង សង្កាត់ ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ដោយយកទូរស័ព្ទជនរងគ្រោះទៅប្រើប្រាស់ផងដែរ។ លុះដល់វេលាម៉ោង១១និង៣០នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២២ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ៕
ដោយ៖ សូរិយា