ភ្នំពេញ ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ៦,៤១១នាក់ នារី ៣,៥៦០នាក់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវពន្លឿននីតិវិធីបែងចែកភូមិសាស្ត្រព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ឱ្យបានច្បាស់លាស់ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ មានសិទ្ធិស្របច្បាប់លើទីតាំងដែលកំពុងរស់នៅបច្ចុប្បន្ន។
តាមរយៈប្រសាសន៍បញ្ជា ! សម្តេចតេជោ ហ៊ុន សែន បានណែនាំនាំយ៉ាងដូច្នេះថា៖ «ខ្ញុំនិយាយតាមទូរស័ព្ទ ជាមួយនឹងអភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តប៉ៃលិន ថាត្រូវដោះស្រាយឱ្យចប់នូវតំបន់មួយគ្រាន់តែកែសម្រួលព្រំប្រទល់រដ្ឋបាល ធ្វើប៉ុន្មានជំនាន់ហើយធ្វើអត់ចេញ អញ្ចឹងទេម្សិលមិញ ខ្ញុំបានផ្ញើសារទៅ សុខ លូ បើសិន២អាទិត្យទៀត ធ្វើមិនចេញ ខ្ញុំចុះទៅតែម្តង ព្រោះវាមិនមែនកាត់ដីឱ្យបរទេសណា ភូមិហ្នឹងជាភូមិដែលបងប្អូន ធ្វើសមាហរកម្ម ដែលចេញមក។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងបន្តថា, ធ្វើប៉ុណ្ណឹងមិនចេញ ហើយខ្ញុំបានផ្ញើសំលេងទៅសម្តេចក្រឡាហោម ស ខេង ដើម្បីធ្វើការងារនេះឱ្យចប់ ប្រជាពលរដ្ឋបានអាហ្នឹង គាត់បានកម្មសិទ្ធិដីស្របច្បាប់ ឯកឧត្តម សុខ លូ និង បានស្រី មុំ ពីរនាក់ហ្នឹង បើធ្វើមិនទាន់ទេ ២អាទិត្យទៀត ខ្ញុំនឹងចុះទៅហ្នឹង»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការកំណត់ព្រំដែនរដ្ឋបាលរវាងខេត្តទាំង២នេះ ឱ្យច្បាស់លាស់ គឺដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការចុះឈ្មោះឆ្នោត ជាពិសេស គឺផ្តល់ភាពស្របច្បាប់ក្នុងការកាន់កាប់ដីធ្លីដល់ប្រជាពលរដ្ឋដែលកំពុងតែរស់នៅតំបន់នោះ។
សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា បញ្ហាដែលមិនអាចកំណត់ព្រំដែនរដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន នៅក្នុងតំបន់នោះឱ្យបានជាក់លាក់ ដោយសារតែមានអ្នកធំមួយចំនួន មានដីនៅកន្លែងនោះ ទើបជាហេតុនាំឱ្យពួកគេទាំងនោះរារាំង រដ្ឋបាលខេត្តបាត់ដំបង កាត់ដីតំបន់នោះទៅឱ្យខេត្តប៉ៃលិន។
ទោះជាបែបនេះក៏ដោយ ជាមួយគ្នានឹងបញ្ជានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏សង្កត់ធ្ងន់ៗថា៖ «អាដីស្វាយលោកឯងអត់បាត់ទៅណាទេ កាត់ដីទៅបាត់ដំបង គង់តែដីខ្មែរ ដីនៅប៉ៃលិន គង់តែដីខ្មែរ លោកឯងស៉ីផលដំណាំទៀតទៅ កុំចាំបាច់ទៅរារាំង គេអញ្ចឹង ខ្ញុំស៊ើបខ្ញុំដឹងតើស មូលហេតុអីបានរាប់ឆ្នាំដោះស្រាយវាមិនចេញ»។
សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់លោក សុខ លូ អភិបាលខេត្តបាត់ដំបង សូមកាត់ដីក្នុងដែនរដ្ឋបាលរបស់ខ្លួនជាប់នឹងខេត្តប៉ៃលិន(តំបន់សមាហរណកម្ម-អតីតសមរភូមិ) ទៅឱ្យរដ្ឋបាលខេត្តប៉ៃលិនគ្រប់គ្រងវិញ ដើម្បីមានភាពងាយស្រួល យើងមិនអាចធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពមិនច្បាស់លាស់បាននោះទេ។
សម្តេចព្រមានថា «បើចៅហ្វាយខេត្តបាត់ដំបងធ្វើមិនកើត សម្តេចនឹងចុះទៅខ្លួនឯងតែម្តង»។
ដោយឡែក លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានថា, “នៅថ្ងៃនេះលោកបានណាត់ជួបពិភាក្សាជាមួយនឹងលោកស្រីអភិបាលខេត្តប៉ៃលិន ចុះពិនិត្យទីតាំងផ្ទៃដីនេះ ដើម្បីដោះស្រាយកំណត់ព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ឱ្យបានឆាប់រហ័សតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។
លោកអភិបាលខេត្ត បានឱ្យដឹងថា តំបន់តែមិនទាន់កំណត់ព្រំប្រទល់រដ្ឋបាលនេះ សម្រាប់ខេត្តប៉ៃលិន មានចំនួន២ស្រុករួមមាន៖ ស្រុកកំរៀង ជាប់ជាមួយស្រុកសាលាក្រៅ របស់ខេត្តប៉ៃលិន និងស្រុកសំឡូត ជាប់ជាមួយក្រុងប៉ៃលិន សម្រាប់ទំហំផ្ទៃដីនៅតំបន់នោះ គឺមិនទាន់បញ្ជាក់ពីតួលេខច្បាស់នោះទេ។
សម្តេចតេជោ ហ៊ុនសែន បានបង្ហើបហើយ គឺមានអ្នកធំមានដីនៅម្តុំនោះ ទើបជាច្រើនឆ្នាំធ្វើការមិនចេញ ដូច្នេះអ្នកធំណា ចាំមើល អភិបាលខេត្តបាត់ដំបង និងលោកស្រីអភិបាលខេត្តប៉ៃលិន ជួបគ្នាដោះស្រាយបញ្ចប់ រដ្ឋបាលដែនដី តើមានវត្តមាន អ្នកធំនោះ ហ៊ានចេញមករារាំងទេ បើសម្តេចតេជោ មានប្រសាសន៍ហើយ បើដីលោកឯងនៅហ្នឹង ! នៅខេត្តបាត់ដំបង ក៏ដីខ្មែរ នៅខេត្តប៉ៃលិន ក៏ដីខ្មែរ អ្នកឯងមកបេះផ្លែស្វាយអ្នកឯងបានតើ ៕
ដោយ : សិលា