ព័ត៌មានទាន់ហេតុការណ៍៖

លោក ភុំ ផៃឌឿម ឡើងជាស្នងការរងខេត្តពោធិ៍សាត់ ប្រើហិង្សាលើមន្ត្រីនគរបាលចរាចរណ៍វ័យចំណាស់ភ្លាមនៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោកវរសេនីយ៍ទោ ភុំ ផៃឌឿន(ក្នុងប្រកាស)ដែលអ្នកខេត្តពោធិ៍សាត់ ជាពិសេសអ្នកខេត្តពោធិ៍សាត់គេស្គាល់ឈ្មោះ ភុំ ផៃឌឿម អត្តលេខ៥៥៥៩១ ត្រូវបានក្រសួងមហាផ្ទៃប្រកាសតែងតាំងជាស្នងការរងនគរបាលខេត្តពោធិ៍សាត់កាលពីថ្ងៃទី១០ ខែតុលាឆ្នាំ ២០២២ ហើយនៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោកក៏បានប្រើហិង្សា ដោយកណ្ដាប់ដៃវាយទៅលើមន្ត្រីនគរបាលចរាចរណ៍វ័យចំណាស់ម្នាក់នៃអធិការដ្ឋាននគរបាលស្រុកវាលវែង នៅក្នុងកម្មវិធីជប់លៀងមួយ។

 មន្ត្រីនគរបាលស្រុកវាលវែងមួយរូបបានឱ្យដឹងថា , នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្នុងកម្មវិធីជប់លៀងប្រកាសតំណែងអភិបាលស្រុកថ្មី នៃស្រុកវាលវែង លោក ភុំ ផៃឌឿម បានប្រើកណ្ដាប់ដៃវាយទៅលើមន្ត្រីនគរបាលចរាចរណ៍ចំណាស់ម្នាក់ គឺ លោក ឃឹម ប៊ុនថង បណ្ដាលឲ្យរងរបួសហើមមុខហើមមាត់។ 

 សមត្ថកិច្ចបញ្ជាក់ថា, មន្ត្រីនគរបាលរងកណ្ដាប់ដៃ លោក ភុំ ផៃឌឿម នគរបាល បែបជាទំនើងទើបឡើងតំណែង បានទទួលផ្នែកសណ្ដាប់ធ្នាប់ក្នុងកម្មវិធីអបអរកាលឡើងតំណែងអភិបាលស្រុកនាយប់នោះ លោកទៅឃាត់លោក ភុំ ផៃឌឿម (ជនដៃដល់)និងឈ្មោះ រិទ្ធ ឈ្លោះប្រកែកគ្នា នេះជាមូលហេតុដែលនាំឲ្យកើតមានអំពើហិង្សា ។ ករណីនេះ របាយការណ៍ក៏មិនត្រូវបានមន្ត្រីជំនាញធ្វើនោះដែរ សង្ស័យខ្លាចឥទ្ធិពល លោកស្នងការរង ?  

 ប្រភពខ្លះបង្ហើបថា បន្ទាប់ពីបានវាយតប់ដោយកណ្ដាប់ដៃដ៏ធ្ងន់រួចហើយ លោក ភុំ ផៃឌឿម បានព្យាយាមបើករថយន្តបំបុកជនរងគ្រោះថែមទៀតផង នេះបង្ហាញអោយឃើញថា, គាត់មានចេតនាប្រើហិង្សា ខណៈវៃហើយ បន្តសកម្មភាពរបស់ខ្លួន បំពានទៅលើជនរងគ្រោះ ។

 លោកភុំ ផៃឌឿម ត្រូវបានអ្នកស្រុកវាលវែងខេត្តពោធិ៍សាត់ អះអាងថា គាត់ជាអ្នករកស៊ីដឹកជញ្ជូនឈើដ៏ល្បី ល្បាញម្នាក់ នៅខេត្តពោធិ៍សាត់ ។  ឥឡូវនេះលោក ភុំ ផែឌឺម ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកវាលវែងខេត្តពោធិ៍សាត់ ខ្លាចរអា គ្រប់ៗគ្នាក៏ព្រោះតែគាត់មានអំណាចខ្លាំងសម្បើមណាស់ ។

ទាំងជនរងគ្រោះ ទាំងមន្ត្រីនគរបាលស្រុកវាលវែងក៏ដូច ជាលោកអធិការស្រុក មិនអត្ថាធិប្បាយបញ្ហានេះទេ ព្រោះយល់ថា វាកំពុងស្ថិតនៅក្នុងដំណាក់កាលសម្រប សម្រួលបញ្ចប់បញ្ហាឬខ្លាចអំណាចលោក ភុំ ផៃឌឿម តែម្ដង ។ ប៉ុន្តែបើតាមប្រភពបានខ្សឹបថា លោក ភុំ ផៃឌឿម ប្រើអំណាច និងតួនាទីជាស្នងការរងនគរបាលខេត្តពោធិ៍សាត់ បានទូរសព្ទមកគំរាមជនរង គ្រោះជាមន្ត្រីនគរបាលស្រុកវាលវែង ដោយគ្រាន់តែពោលពាក្យសុំទោសនិងព្យាយាមមិនឲ្យមានការប្ដឹងផ្ដល់អ្វីនោះឡើយ៕

 

ដោយៈ បុឹម  ពិន


ចែករំលែក៖