ខេត្តបាត់ដំបង នេះបើយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសង្រ្គោះបន្ទាន់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា តាមរយ:ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន២៥៣គ្រួសារ មកពីភូមិចំនួន២៩ភូមិ នៃឃុំទាំង៦ ក្នុងស្រុកកំរៀង ដែលពិធីនេះរៀបចំឡើងនៅបរិវេណវត្តអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។
មានប្រសាសន៍នាឱកាសនោះដែរ លោក សុខ លូ បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្ដេចមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហានានាដូចជាគ្រោះទឹកជំនន់ជាដើម ដើម្បីធ្វើការចែកជូនអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះនោះឱ្យបានទាន់ពេលវេលា ។
ក្នុងនោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់រដ្ឋបាលស្រុកស្វែងរកប្រជាពលរដ្ឋដែលមានប្រភពទឹកគ្រប់គ្រាន់ ដើម្បីធ្វើការផ្ដល់ជូនជាពូជស្រូវ ឬពូជដំណាំជូនគាត់ ក្នុងការស្ដារលទ្ធភាពជីវភាពគាត់ឱ្យបានទាន់ពេលវេលា ក្រោយពីរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នេះ និងត្រូវកំណត់ឱ្យបានច្បាស់លាស់អំពីតម្រូវការដែលត្រូវផ្ដល់ពូជស្រូវ ឬពូជដំណាំនេះដែលត្រូវជូនប្រជាពលរដ្ឋនេះ ដើម្បីធ្វើការស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្ដល់ជាគ្រាប់ពូជស្រូវ ឬពូជដំណាំតាមលទ្ធភាពជាក់ស្ដែង ។
លោក សុខ លូ បានបញ្ជាក់ថា ការចែកអំណោយសង្រ្គោះនេះទៀតសោត គឺមិនបានចែកបានគ្រប់គ្នាទេ តែគឺជាបឋមគឺធ្វើការចែកចំពោះប្រជាពលរដ្ឋដែលខ្វះខាតខ្លាំងជាងគេ ហើយថ្ងៃទៅមុខទៀតក៏នឹងបន្តចែកជាបន្តបន្ទាប់ទៀត ដូចនេះសូមឱ្យមានការអធ្យាស្រ័យផងដែរ ។
លោកអភិបាលរូបនេះ ក៏បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋណាដែលមិនទាន់ធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទេ សូមប្រញាប់ទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់ៗគ្នា ព្រោះថាជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជានេះ មិនទាន់ផុតរលត់ទៅណាទេ គឺនៅតែបន្តយាយីប្រជាពលរដ្ឋគ្រប់ពេលវេលា ដូចនេះសូមនាំគ្នារួសរាន់ទៅចាក់នៅតាមមណ្ឌលសុខភាព ឬមណ្ឌលចាក់វ៉ាក់សាំងណាមួយដែលនៅជិតផ្ទះប្រជាពលរដ្ឋ ចាប់ពីដូសទី៣ឡើងទៅ ហើយសុំកុំឱ្យមានការភ័យខ្លាចថា ចាក់វ៉ាក់សាំងនេះហើយបង្កឱ្យមានបញ្ហាអីផ្សេងឱ្យសោះ ព្រោះវ៉ាក់សាំងគឺសម្រាប់ការពារ ជាពិសេសសម្រាប់ការពារក្រុមមនុស្សខ្សោយឱ្យគេចផុតពីជំងឺកូវីដ-១៩ ។
បន្ថែមពីនេះ លោក សុខ លូ ក៏បានផ្ដាំផ្ញើជូនប្រជាពលរដ្ឋកុំភ្លេចអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ ហើយបើសិនជាមិនទាន់បានចុះឈ្មោះបោះឆ្នោតទេ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសអ្នកតំណាងដែលខ្លួនស្រឡាញ់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ។ អំណោយដែលនាំយកមកជូននាពេលនេះក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មីជាតិ១កេស ទឹកសុទ្ធ១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ ៕
ដោយ៖សហការី