ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញបានឱ្យដឹងថា កាលពីថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៤និង៤០នាទីរសៀល នៅចំណុចភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួលលេីនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់គឺ៖
១-ឈ្មោះ តាក់ ផ្កាយព្រឹក ហៅ ព្រឺត ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ មោះ លី ចិត្រ្តា ហៅ កា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
មន្ត្រីជំនាញនគរបាលក្រុងបានបន្តថា បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យ២នាក់ហើយ កម្លាំងសមត្ថកិច្ចបានដកហូតយកវត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០១ថង់ ទម្ងន់ ១១,៥២ក្រាម (ថ្នាំសុទ្ធ)
-ប្រាក់រៀលចំនួន៣,៥២៨,៩០០រៀល (បីលានហាសិបពីរម៉ឺនប្រាំបីពាន់ប្រាំបួនរយរៀល)
-លោហធាតុពណ៌លឿង (ខ្សែជើងចំនួន ០២ខ្សែ), ទូរស័ព្ទដៃចំនួន០៥គ្រឿង (ចាស់)
-ក្រដាសវីងវេរប្រាក់មួយចំនួន ។
នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស សារ៉េត