ភ្នំពេញ ៖ នៅវិមាន៧មករា នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក វ៉ូ វ៉ាន់ធឿង (Vo Vanthoung) សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។
លោក វ៉ូ វ៉ាន់ធឿង បានគោរពនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេចតេជោ និងបានគោរពវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននិងការអភិវឌ្ឍ របស់កម្ពុជា។
លោក វ៉ូ វ៉ាន់ធឿង បានគោរពជម្រាបជូនសម្ដេចតេជោថា លោក និងប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺស្របពេលជាមួយនឹងខួប ៥៥ឆ្នាំនៃទំនាក់ទំនងកាទូតរវាងកម្ពុជា និងវៀតណាមផង និងខួប ៤៥ឆ្នាំនៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតផង ហើយទិសដៅសំខាន់របស់ឯកឧត្តម និងប្រតិភូទាំងមូល គឺធ្វើយ៉ាងណាជំរុញពង្រីកពង្រឹងទំនាក់ទំនងរវាងបក្ស និងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង ក្នុងន័យនេះ លោកបានគោរពសូមគោលការណ៍ពីសម្ដេចតេជោ ៖
ទី១) ជំរុញទំនាក់ទំនងរវាងបក្សនិងបក្ស ឱ្យកាន់តែស៊ីជម្រៅនិងមានភាពជាក់ស្ដែង
ទី២) ជំរុញការផ្លាស់ប្ដូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំរបស់បក្សទាំងពីរ
ទី៣) ជំរុញទំនាក់ទំនង រវាងខេត្តនិងរាជធានីរបស់ប្រទេសទាំងពីរ។
ទី៤) ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ
ទី៥) ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគនិង ពាណិជ្ជកម្មនិងទី៦) ជំរុញកិច្ចសហប្រតិបត្តិការលើក្របខណ្ឌតំបន់និងពិភពលោក
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក វ៉ូ វ៉ាន់ធឿង ដែលបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេច ។
សម្ដេចតេជោ បានគាំទ្រចំពោះសំណើទាំង ៦ចំណុច របស់លោក វ៉ូ វ៉ាន់ធឿង។ សម្ដេចតេជោបានមានប្រសាសន៍ថា ការងារជាអាទិភាព គឺជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តនិងខេត្ត តាមព្រំដែនឲ្យបានល្អ ជាទីបំផុត ជាពិសេស បញ្ហាសន្តិសុខ សម្រួលដោះស្រាយលំហូរទំនិញ សម្រួលការធ្វើពាណិជ្ជកម្ម និងទប់ស្កាត់អំពើខុសច្បាប់ដូចជា៖ ការជួញដូរ រត់ពន្ធគ្រឿងញៀន រត់ពន្ធមនុស្សជាដើម៕
ដោយ : សុខ ខេមរា