ភ្នំពេញ ៖ ញត្តិថ្កោលទោស
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ ៣ជំនាន់ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្តីថ្លែងការណ៍ និងគម្រោងថ្មីតាមរយៈវីដេអូឃ្លីបនាពេលថ្មីៗនេះ ក្នុងគោលបំណងផ្ដួលរលំរាជរដ្ឋាភិបាលនៅឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យធ្វើការបះបោរ ព្រមទាំង បានប្រមាថដោយអសីលធម៌ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រឡាញ់ របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប។ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រកាសដាក់ចេញនូវគោលការណ៍ដ៏ម៉ឹងម៉ាត់ និងដាច់ខាតបំផុតរបស់ សម្ដេចតជោនាយករដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងការកម្ចាត់ចោល នូវមនោគមវិជ្ជាជ្រុលនិយមរបស់ពួកក្បត់ជាតិ ៣ជំនាន់ ដែលជាមេក្រុមចលនាឧទ្ទាមក្រៅប្រទេស និងបក្សពួក។ យើងខ្ញុំទាំងអស់គ្នា សូមប្រឆាំងដាច់ខាតចំពោះសេចក្ដីថ្លែងការណ៍ និងគម្រោងខុសច្បាប់របស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ ៣ជំនាន់ និងបក្សពួកដែលចង់ធ្វើបដិវត្តពណ៍ បំផុសបំផុល បង្កចលាចលក្នុងសង្គម និងមានចេតនាបំផ្លាញសន្តិភាពដែលរកបានយ៉ាងលំបាក។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមប្ដេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងក្រុមគ្រួសារ និងសូមគាំទ្រឯកឧត្តម ហ៊ុនម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេននាពេលអនាគត និងការពារឱ្យបាននូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។ ព្រមទាំង សូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ ៣ជំនាន់ និងបក្សពួក ប្រសិនបើ ក្រុមក្បត់ជាតិនេះមកជាន់ដីកម្ពុជា និងសុំស្នើឱ្យតុលាការចាត់វិធានការទៅតាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុតដោយគ្មានការលើក លែងនោះឡើយ៕
ដោយ : សិលា