ភ្នំពេញ ៖ ក្នុងស្ថានភាពដែលខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងជួបប្រទះបញ្ហាទឹកជំនន់ធ្ងន់ធ្ងរ និងអនុវត្តតាមប្រសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្តី កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ និងក្រោយពីបានពិភាក្សាជាមួយសមាគមធនាគារ នៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិនៃកម្ពុជា សូមគាំទ្រចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ និងស្នើឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បន្តចូលរួមសហការល្អក្នុងក្របខណ្ឌ កិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌដូចខាងក្រោម៖
– ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន
-ការបន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់
-ការពន្យារឥណប្រតិទាន
-ការបន្ថែម និង/ឬ ការផ្លាស់ប្ដូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន ការផ្លាស់ប្តូរពីឥណទានមានការទូទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន (Bullet Loan)
-ការលើកលែង ឬ បន្ថយទ្រព្យធានា
-ការបន្ថយលក្ខខណ្ឌកិច្ចសន្យា និង/ឬការផ្ដល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង (Grace period) ដែលអាចមាន រយៈពេលរហូតដល់ ៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី។
ទន្ទឹមនេះ ដើម្បីរួមចំណែកសម្រាលបន្ទុកក៏ដូចជាជួយស្តារជីវភាពរបស់អ្នកខ្ចីប្រាក់ គ្រឹះស្ថានគួរ ពិចារណា ផ្តល់ការអនុគ្រោះ ដូចជា ការបន្ធូរបន្ថយការប្រាក់និងកម្រៃផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យ និងជៀសវាងការរឹបអូសទ្រព្យធានារបស់អ្នកខ្ចីប្រាក់ ជាដើម។
ធនាគារជាតិនៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នឹងបន្តចូលរួមសហការ អនុវត្ត ប្រកបដោយការយោគយល់ និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្តែងរបស់អ្នកខ្ចីប្រាក់ ៕
ដោយ : សិលា