ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់លើផេកផ្លូវការថា, “ឱកាសការងារជាង ២ម៉ឺន កន្លែង ពីក្រុមហ៊ុនធំៗ ១៥០ ក្នុងវិស័យសំខាន់ៗ” ក្នុងនោះសម្តេចតេជោ ហ៊ុនសែន បានលើកឡើងថា,
ពិព័រណ៍ការងារ និងផលិតភាពជាតិ ២០២២ ដែលសហការរៀបចំដោយទីភ្នាក់ជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស.ស.យ.ក រាជធានីភ្នំពេញ និង GMAC នឹងត្រូវរៀបចំឡើងនៅអគារពិព័រណ៍កោះពេជ្រ រយៈពេលពីរថ្ងៃ គឺថ្ងៃ ទី២៨-២៩ ខែតុលា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់។ រកការងារ! រើសបុគ្គលិក! សម្ភាសភ្លាមៗ!
សម្តេចតេជោ ហ៊ុនសែន ថ្លែងបញ្ជាក់ថា, ឱកាសការងារជាង ២ម៉ឺន កន្លែង ពីក្រុមហ៊ុនធំៗ ១៥០ ក្នុងវិស័យសំខាន់ៗរួមមាន៖ ធនាគារ គ្រឹះស្ថានមី ក្រូ ហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំ និងរាយ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ម្ហូបអាហារ និងភេសជ្ជៈ, អចលនទ្រព្យ, សេវាកម្ម ព្រមទាំងវិស័យឧស្សាហកម្ម និងកម្មន្តសាល។
សម្តេចតេជោ ថ្លែងបន្តថា, ក្រៅពីទទួលបានឱកាសការងាររាប់ម៉ឺនកន្លែង បងប្អូន កូន ក្មួយ ក៏អាចចូលរួមក្នុងសិក្ខាសាលាលើកកម្ពស់ផលិតភាពក្រោមប្រធានបទស្តីពី៖ «ការលើកកម្ពស់កម្លាំងពលកម្មជំនាញ ឌីជីថលនីយកម្ម និងផលិតភាព» ផងដែរ។
ដូច្នេះ សូមបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសក្មួយៗ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ អញ្ជើញចូលរួមឲ្យបានច្រើនកុះករ ដើម្បីអាចជួបពិភាក្សា ស្វែងយល់ និងដាក់ពាក្យស្នើសុំការងារជាមួយអនាគតនិយោជកដែលមានឱកាសការងាររាប់ម៉ឺនកន្លែង ព្រមទាំងអាចទទួលបានគន្លឹះ និងចំណេះដឹងស្ដីពីការលើកកម្ពស់ផលិតភាពការងារ។ កុំភ្លេចត្រៀម CV ឱ្យបានច្រើន! ដើម្បីដាក់ពាក្យស្នើសុំការងារបានកាន់តែច្រើនជម្រើស៕
ដោយ : សុខ ខេមរា