ខេត្តព្រះសីហនុ៖ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅយប់ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ។
សូមជម្រាបជូនថា លោកស្នងការនគរបាលខេត្តព្រះសីហនុ តែងតែចាត់ឱ្យលោកស្នងការរងទទួលផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។
ដោយឡែកនៅពេលម៉ោងដែលសិស្សានុសិស្សចេញពីសាលារៀន កម្លាំងអធិការក្រុង-ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀនផងដែរ៕
ដោយ៖ស តារា