ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃ២១ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យហត្ថពលកម្មបរទេស នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការទទួលបន្ទុកអន្តោប្រវេសន៍ លោកស្រីរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកនាយឧត្តមសេនីយ៍ អគ្គនាយក និងអគ្គនាយករងអន្តោប្រវេសន៍ ,លោកអគ្គលេខាធិការ ,លោកអគ្គនាយករដ្ឋបាល,លោក អគ្គស្នងការរងនគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាកិច្ចប្រជុំនៅថ្ងៃនេះគឺដើម្បីស្ដាប់របាយការណ៍របស់លោកអគ្គនាយកអន្តោប្រវេសន៍ ពាក់ព័ន្ធនឹងការធ្វើអធិការកិច្ចជនបរទេស ដែលកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជា។ សម្ដេច បានមានប្រសាសន៍ថាបន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ ក្រសួងមហាផ្ទៃនឹងចេញសេចក្ដីប្រកាសព័ត៌មានមួយជូនសាធារណៈឱ្យបានជ្រាប។
យោងតាមរបាយការណ៍ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ពីខែមករា ដល់ខែតុលានេះ អគ្គនាយកដ្ឋាន បានសហការជាមួយអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះត្រួតពិនិត្យគោលដៅ៣.០៨០គោលដៅ ត្រួតពិនិត្យពលករបទេស៣០.៨៣៤នាក់ ផាកពិន័យជនបរទេសគ្មានបណ្ណការងារ២.៤១៦នាក់ គិតជាទឹកប្រាក់ប្រមាណ១.២០៨លានរៀល ៕
ដោយ៖សហការី