ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវស្ត្រីជាគូស្នេហ៍ចាក់មួយចុងកន្ត្រៃរួចចាក់អាល់កុលស្រោចដុតបន្ថែមទៀត រហូតស្លាប់នៅក្នុងបន្ទប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖  នេះបើតាមព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង៩យប់ថ្ងៃទី២០ តុលា ឆ្នំា២០២២នេះ ស្ថិតនៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់មានករណីឃាតកម្មមួយកើតឡើង ក្រោយផ្ទុះជម្លោះដ៏ក្ដៅរោលរាលដែលផ្ដើមចេញពីខាងតួប្រុសមិនគោរពសន្យា តែយ៉ាងណាស្ត្រីជាជនដៃដល់ត្រូវបានឃាត់ខ្លួនភ្លាមៗដែរ ។  

ជនសង្ស័យឈ្មោះ នេត ចំប៉ី ភេទស្រី អាយុ៥៣ឆ្នាំ (ប្រពន្ធចុង) មានមុខរបរលក់នំបញ្ចុក រស់នៅកន្លែងកើតហេតុ ។

រីឯជនរងគ្រោះឈ្មោះ អាន់ វុធ ភេទប្រុសអាយុ៤៦ឆ្នាំ មានមុខរបរជាកម្មករសំណង់ រស់នៅក្នុងភូមិ-ឃុំជា មួយគ្នា។  របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា  ជនរងគ្រោះត្រូវរបួសត្រង់ពោះមួយកន្លែង និងស្នាមរលាកលើខ្លួន និងលើផ្ទៃមុខដោយសារភ្លើងឆេះ ដែលជនសង្ស័យប្រើកន្ត្រៃចាក់ និងចាក់ស្រោចអាល់កុលរួចហើយដុតបន្ថែម ។

ស្ត្រីជាជនសង្ស័យត្រូវបានឃាត់ខ្លួនភ្លាមៗក្រោយកើតហេតុ ។ 

បើតាមការសាកសួរបឋមស្ត្រីជាប្រពន្ធចុងរបស់ជនរងគ្រោះ  ខណៈជនរងគ្រោះមានប្រពន្ធនិងកូននៅក្នុងភូមិជាមួយគ្នា ។   

លោកអធិការស្រុកបាណន់បានបញ្ជាក់ថា  បើតាមចម្លើយសារភាពជនសង្ស័យ មូលហេតុដែលនាំឲ្យចាក់សម្លាប់គូស្នេហ៍យ៉ាងឃោរឃៅបែបនេះ ដោយសារខ្លួនខឹងនឹងគូស្នេហ៍ដែលសន្យាថា «ព្រមជួយឧបត្ថម្ភប្រាក់មួយខែ១០ម៉ឺនរៀល តែជាសន្យាខ្យល់ ទើបខ្លួនខឹងហៅមកសួរនាំ រហូតមានការវាយតប់គ្នាក៏សម្រេចចិត្តសម្លាប់តែម្ដង»។

ការសារភាពរបស់ស្ត្រីដ៏កាចសាហាវ ឈ្មោះ នេត ចំប៉ី  ដែលមន្ត្រីជំនាញបានសួរនាំ ក្រោយត្រូវឃាត់ខ្លួនភ្លាមៗ  ហើយអ្នកលក់នំបញ្ចុករូបនេះបានប្រាប់សមត្ថកិច្ចថា គាត់និងជនរងគ្រោះដែលជាកម្មករសំណង់ មានទំនាក់ទំនងស្នេហាលួចលាក់និងស៊ីជម្រៅជាមួយគ្នា រហូតមក ដល់ពេលនេះត្រូវគេដឹងពេញភូមិ មានរយៈពេលជិតពីរឆ្នាំកន្លងមកហើយបើទោះជាគាត់ដឹងថា  ប្ដីហេងស៊យរូបនេះមានប្រពន្ធកូន និងរស់នៅក្នុងភូមិជាមួយគ្នាក្ដី ។ 

ស្ត្រីរូបនេះបានសារភាពប្រាប់សមត្ថកិច្ចទៀតថា  គាត់និងជនរងគ្រោះតែងស្នាក់នៅជុំគ្នាពេលរាត្រីមិនសូវខកខានទេ ហើយក៏តែងឈ្លោះប្រកែកគ្នាបែកផ្សែងជាញឹក ញាប់ដែរជាមួយខាងប្រពន្ធដើមគេ។ គាត់និយាយថា ពេលនៅស្រលាញ់គ្នាល្អូកល្អឺន ប្ដីហេងស៊យរបស់គាត់បានសន្យាថា នឹងជួយផ្ដល់លុយកាក់ចិញ្ចឹមគាត់មួយខែ១០ម៉ឺនរៀល តែបាត់ឈឹងរហូត មិនគោរពការសន្យា ទើបគាត់ខឹងក៏ហៅមកសួរនាំម្ដង តែពេលមកដល់សួរនាំរឿងលុយកាក់ក៏កើតការឈ្លោះប្រកែកគ្នា ឈានដល់ការសម្លាប់តែម្ដង ។

ពាក់ព័ន្ធនឹងការសម្រេចចិត្តធ្វើឃាតប្ដីហេងស៊យនេះ ស្ត្រីវ័យ៥៣ឆ្នាំរូបនេះបានប្រាប់ថា គាត់បានហៅជន រងគ្រោះមកជួបមុនពេលកើតហេតុ ខណៈគាត់ស្រវឹងឡើងជោកជាំទៅហើយ ។ ពេលមកដល់ផ្ទះ គាត់បានសួរនាំពីរឿងសន្យាផ្ដល់ប្រាក់មួយខែ១០ម៉ឺនរៀល តែមិនឃើញប្រាក់ ហើយខាងតួប្រុសប្រាប់ថា «អត់មាន»។  គាត់គិតថា ប្ដីហេងស៊យរូបនេះ មានគំនិតបោកប្រាស់គាត់ យកគាត់គ្រាន់តែត្រឹមសប្បាយលេងសើច ពេល នោះក៏មានការឈ្លោះប្រកែកគ្នា រហូតប្រតាយប្រតប់គ្នាពេញបន្ទប់ ។

ស្ត្រីរូបនេះបានបញ្ជាក់ថា ពេលនោះខាងប្រុសហាក់ ដូចជាប្រើកណ្ដាប់ដៃរាងធ្ងន់បន្តិចមកលើគាត់ ធ្វើឲ្យគាត់ក្ដៅក្រហាយក៏ស្ទុះទៅទាញកន្ត្រៃចាក់ត្រូវចំពោះក្បែរផ្សិតមួយកន្ត្រៃ  ហើយទាញដបអាល់កុលចាក់ស្រោចបន្ថែម រួចដុតឆេះរោលរហូតស្លាប់តែម្ដង ។

អធិការស្រុកបាណន់ លោកបាន់ វ៉ាន់នី បាននិយាយថា ជនដៃដល់បានប្រើកន្ត្រៃចាក់ទៅលើជនរងគ្រោះ និងបានយកអាល់កុលចាក់ស្រោចរួចដុតបន្ថែមធ្វើឲ្យជនរងគ្រោះឆេះរលាកពេញខ្លួន និងលើផ្ទៃមុខ ។  

ជនសង្ស័យត្រូវបានឃាត់ខ្លួនហើយពីបទប្រព្រឹត្តអំពើឃាតកម្ម ហើយមន្ត្រីជំនាញកំពុងចាត់ការតាមនីតិវិធី ៕

ដោយ៖ សូរិយា


ចែករំលែក៖