ព័ត៌មានទាន់ហេតុការណ៍៖

បើកការដ្ឋានស្ថាបនាផ្លូវបេតុង០២ខ្សែនៅសង្កាត់ច្បារអំពៅ២

ចែករំលែក៖

ភ្នំពេញ៖ ចំណងដៃថ្មីជូនប្រជាពលរដ្ឋនៅសង្កាត់ច្បារអំពៅ២  បានចាប់ផ្តើមអនុវត្តគម្រោងបើកការដ្ឋានធ្វើផ្លូវបេតុង២ខ្សែ ទី១-កំណាត់ផ្លូវលេខ៣៦៧ ខាងក្រោយផ្សារបន្លែច្បារអំពៅ និងទី២-កំណាត់ផ្លូវលេខ៣៦៩ នៅខាងផ្សារច្បារអំពៅ ។

      ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២២នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ  និងមានការចូលរួមពីលោកអភិបាលរងខណ្ឌ៣រូប  លោកនាយករដ្ឋបាល  លោកចៅសង្កាត់ច្បារអំពៅទី២ និងប្រជាពលរដ្ឋប្រមាណជាង២០០នាក់ ។

    ក្នុងពិធីនេះដែរលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានមតិសំណេះ សំណាលនិងផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដោយសំណូមពរឲ្យប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងត្រូវចូលរួមសហការណ៍តាមដានការអនុវត្តគម្រោង និង យោគយល់ដល់ក្រុមការងារដែលកំពុងតែជួសជុលកែលំអរកំណាត់ផ្លូវបេតុងទាំង២ខ្សែ។  ចំណែកក្រុមហ៊ុនដែលឈ្នះការដេញថ្លៃក្នុងការអនុវត្តគម្រោង  ត្រូវស្ថាបនាប្រកបដោយគុណភាព ដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់រយៈពេលយូរ ហើយក្រុមហ៊ុនក៍ទទួលបានការសសើរពីប្រជាពលរដ្ឋនិងអាជ្ញាធរផងដែរ ។   ជាមួយគ្នានេះលោកអភិបាលខណ្ឌបានស្នើអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរខណ្ឌក្នុងការផ្តល់ពត៍មានផ្សេងៗពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងមូលដ្ឋាន ជាពិសេសមុនសញ្ញាមិនបទល្មើសដែលបង្កជាអសន្តិសុខសង្គម  ។រាល់ការផ្តល់ពត៍មានរបស់បងប្អូន អាជ្ញាធរនិងរក្សាការសម្ងាត់ជូន  ហើយក៍មានន័យថាបងប្អូនបានចូលរួមជាមួយអាជ្ញាធរក្នុងការអនុវត្ត គោលនយោបាយ (ភូមិ សង្កាត់ មានសុវត្ថិភាព) អោយមានប្រសិទ្ធភាព ។ 

     ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ អោយបានគ្រប់គ្នាៗតាំងពីដុសមូលដ្ឋាននិងដុសជំរុញ ព្រោះជំងឺឆ្លងកូវីដ-១៩ នេះ មិនទាន់សាបរលាបទេ បងប្អូនអាចភ្លេចជំងឺកូវីដ-១៩  តែជំងឺកូវីដ-១៩ អត់ភ្លេចបងប្អូនទេនិងត្រូវអនុវត្តជាប្រចាំតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោគឺ  ៣កុំ  ៣ការពារ 

       នៅចុងបញ្ចប់នៃពិធីបើកការដ្ឋាន ស្ថាបនាផ្លូវបេតុង នេះដែរលោកអភិបាលខណ្ឌបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅត្រូនាំកូនចៅដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត ចំណែកអ្នកដែលចុះឈ្មោះហើយត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ ហើយសូមបងប្អូនត្រៀមខ្លួនទៅបោះឆ្នោតជូនគណបក្សណាដែលរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជ សាសន៍  ស្វែងរកសន្តិភាពជូនប្រទេសជាតិ  និងស្វះស្វែងរកវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋទូទាំងប្រទេស គឺមានតែគណបក្សប្រជាជនតែមួយប៉ុណ្ណោះ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ធ្វើអោយប្រទេសជាតិមានរីកចម្រើនទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ សូមកុំជឿតាមការឃោសនាញុះញុងបំផុសបំផុលពីសំណាក់ក្រុមបក្ខប្រឆាំងក្រៅច្បាប់ អាចនិយាយបានថាជាពួកឧទ្ទាម ក្នុងចេតនាអាក្រក់បង្កអសន្តិសុខសង្គម ។  យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពសង្គម ការពារសន្តិភាព ដើម្បីជំរុញអោយប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ៕

ដោយ៖ សណ្តោស


ចែករំលែក៖