ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីមេឃុំកញ្ជរ ស្រុកឆ្លូង ចូលរួមបង្ក្រាបបទល្មើសនេសាទតាំងពីរសៀលរហូតដល់យប់

ចែករំលែក៖

ខេត្តក្រចេះ ៖ អ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍ពី សំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃឃុំកញ្ជរ ស្រុកឆ្លូងខេត្តក្រចេះគឺលោកស្រីមេឃុំបានបម្រើប្រជាពលរដ្ឋយ៉ាងពិតប្រាកដដោយមិនគិតយប់ថ្ងៃនោះឡើយ។ ជាក់ ស្ដែងកាលពីសៀលរហូតដល់យប់ថ្ងៃទី២០ ខែតុលាឆ្នាំ ២០២២ លោកស្រី ប៊ុនណារី មេឃុំកញ្ជរស្រុកឆ្លូងខេត្តក្រចេះបានជិះទូកចុះបង្ក្រាបបទល្មើសនេសាទជាមួយថ្នាក់ដឹកនាំស្រុកឆ្លូងនិងមន្ត្រីរដ្ឋបាលជលផលខេត្តក្រចេះ។

លោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូងដែលដឹកនាំប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទនេះបានសំដែងនូវការពេញចិត្តពេញថ្លើមជាមួយលោកស្រីប៊ុនណារីដែលខិតខំធ្វើការងារបម្រើប្រជាពលរដ្ឋក្នុងឃុំកញ្ជរដោយមិនខ្លាចនឿយហត់។ ជាក់ស្តែងប្រតិបត្តិការបង្ក្រាបបទ ល្មើសនេសាទនៅមូលដ្ឋានឃុំកញ្ជរត្រូវបានធ្វើឡើងតាំង ពីថ្ងៃរសៀលរហូតដល់យប់ទើបបញ្ចប់ការងារ។ បើទោះ ជាយ៉ាងណាក៏ដោយលោកស្រីមេឃុំនៅតែបន្តធ្វើការងារជាមួយក្រុមការងារបង្ក្រាបបទល្មើសនេសាទនោះរហូតដល់ចប់ចុងចប់ដើម។

បើតាមលោកម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះបានឲ្យដឹងថា កម្លាំងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះសហការជាមួយគណៈបញ្ជាការឯកភាពស្រុកឆ្លូង,ក្រុមប្រឹក្សាឃុំកញ្ជរ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកញ្ជរ និងសហគមន៍នេសាទពាក់ព័ន្ធនៅថ្ងៃទី២០ខែតុលាឆ្នាំ២០២២បាននាំគ្នាចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅបឹងប្រាំង បឹងគ្រូឆៃអេង និងទំនាបលិចទឹកជ្រោយវែង ក្នុងឃុំកញ្ជរ ស្រុកឆ្លូង ដោយសម្រេចបានលទ្ធផលដូចខាងក្រោមៈ

  +បានរុះរើនិងបំផ្លាញចោលនៅនឹងកន្លែងឧបករណ៍នេសាទល្មើសច្បាប់រួមមាន ៖

  —របាំងស្បៃមុងចំនួន២៩ខ្សែ ប្រវែង៨៥០ម៉ែត្រ

  —លូស្បៃមុងចំនួន៣២មាត់លូ

  — របាំងរ៉ាវ ចំនួន៣ខ្សែ ប្រវែង៤៥០ម៉ែត្រ

  —លបរ៉ាវ ចំនួន៣គ្រឿង ប្រវែង២៥ម៉ែត្រ

  —បង្គោលចម្រឹងប្ញស្សី ចំនួន៨០ដើម

  — ចាក់លែងត្រីចម្រុះទម្ងន់២៥គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញ។

លោកម៉ុក ពន្លក បានបន្តថា កម្លាំងរដ្ឋបាលជលផលតែងតែសហការជាមួយកម្លាំងមានសមត្ថកិច្ចនៃអាជ្ញាធរដែនដីចុះបង្ក្រាបបទល្មើសនេសាទជាញឹកញាប់មិនថានៅក្នុងរដូវបិទនេសាទឬរដូវបើកនេសាទនោះទេ។ អ្វីដែលសំខាន់គឺកម្លាំងរបស់យើងតែងតែសហការជាមួយកម្លាំងអាជ្ញាធរដែនដីបង្ក្រាបរាល់ការនេសាទខុសច្បាប់ជាពិសេសគឺការប្រើឧបករណ៍ល្មើសច្បាប់តែម្ដង។

ចំពោះបញ្ហាផលនេសាទនៅឆ្នាំនេះវិញលោកនាយខណ្ឌបានឱ្យដឹងថាត្រីនៅឆ្នាំនេះអាចនឹងសម្បូរជាងឆ្នាំទៅពីព្រោះស្ថានភាពទឹកនៅឆ្នាំនេះខ្ពស់នៅឡើយ។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋបញ្ឈប់សកម្មភាពនៃការនេសាទល្មើសច្បាប់ហើយរួមគ្នាការពារធនធានធម្មជាតិដែលមានស្រាប់ដើម្បីកុំឱ្យបាត់បង់៕

ដោយ៖ សូរិយា


ចែករំលែក៖