ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ អណ្ដែតទឹកអូរដោយសន្និដ្ឋានថា ជាករណីលង់ទឹក ។
ករណីនេះបង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២វេលាម៉ោង១១និង៣០នាទីព្រឹក ចំណុចទឹកអូរក្រោយផ្ទះឈ្មោះ ម៉ែន ស៊ីយ៉ុង ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកល្វាឯមបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុន គុនរតន: ភេទប្រុស អាយុ ០៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ក្នុងបន្ទុកគ្រួសារមានទីលំនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
ប្រភពដដែលបន្តថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្មេងរងគ្រោះនៅផ្ទះជាមួយម្តាយបង្កើតឈ្មោះគៀន ភារៈ ចំណែកឪពុកឈ្មោះ អ៊ុន រដ្ឋា ទៅចម្ការ ។ ជាទម្លាប់ក្មេងរងគ្រោះតែងតែរត់លេងចុះឡើងពីផ្ទះម្ដាយទៅផ្ទះជីដូនដែលនៅជាប់ក្បែរគ្នាចំពោះម្តាយពុំបានចាប់អារម្មណ៍ ស្រាប់តែនៅវេលាម៉ោង១១:៣០ នាទី ឈ្មោះ ម៉ៃ សុវណ្ណនិមិត្ត ភេទប្រុស អាយុ ៣៤ឆ្នាំ បានដើរកាត់តាមអូរ(ចំណុចកើតហេតុ) ដើម្បីទៅរកស្ទូចត្រីស្រាប់តែឃើញក្មេងរងគ្រោះលិចក្នុុងទឹកអណ្តែតឃើញតែសក់ក្បាលក៏ស្រង់ចេញមកពីទឹកហើយយកទៅឲ្យម្តាយក្មេងរងគ្រោះភ្លាមនោះត្រូវបានក្រុមគ្រួសារក្មេងរងគ្រោះនាំគ្នាធ្វើចលនាសង្គ្រោះនិងបម្រុងដឹកយកទៅមន្ទីរពេទ្យតែក្មេងរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ការពិនិត្យសាកសព លើដងខ្លួនអវៈយវៈ ជនរងគ្រោះមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡេីយ។ ការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារលង់ទឹក។
ក្រោយពិនិត្យសាកសព បានប្រគល់ជូនក្រុមគ្រួសារក្មេងរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ស្អាង ជ័យ