ខេត្តព្រះវិហារ ៖ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃសៅរ៍ទី២២ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងគណៈបញ្ជាការរដ្ឋបាលស្រុកឆែប បានធ្វើការឃាត់ខ្លួនជនបរទេសចំនួន១៦នាក់ ស្នាក់នៅដោយខុសច្បាប់បម្រុងឆ្លងដែនទៅប្រទេសឡាវ កាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១៨ ខែតុលាម្សិលមិញនេះ។
របាយការណ៍ដដែលបន្តថា ជនបរទេសទាំង១៦នាក់ មានជនជាតិចិន ចំនួន១៥នាក់(ស្រី០នាក់) និងជនជាតិមីយ៉ាន់ម៉ា ចំនួន០១នាក់(ស្រី) ។
ជនបរទេសខាងលើ ត្រូវបាននាំខ្លួនមកស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្តទៅស្នាក់ការត្រៀមបណ្ដេញចេញ ខេត្តសៀមរាប អនុវត្តនីតិវិធីបន្ត ។
ដោយឡែក មេខ្យល់ត្រៀមនាំជនបរទេសចេញចំនួន០២នាក់ ឈ្មោះ ជា វត្តនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ នៅស្រុកឆែប ខេត្តព្រះវិហារ និងឈ្មោះ អៀវ បូរី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី នៅស្រុកឆែប ខេត្តព្រះវិហារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងដកហូតរថយន្ដចំនួន២គ្រឿង ។
គួរបញ្ជាក់ថា ជនសង្ស័យមេខ្យល់ទាំង២នាក់ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ អយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕
ដោយ៖សហការី