ក្រុមតោខៀវ Chelsea ត្រូវបើកកីឡដ្ឋាន Stamford Bridge របស់ខ្លួនដើម្បីស្វាគមន៍ក្រុមបិសាចក្រហម Manchester United សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១១របស់ខ្លួន ដោយក្រុមទាំង២ត្រូវប្រជែងគ្នាយក៣ពិន្ទុរៀងៗខ្លួន ដើម្បីឡើងទៅឈរលេខ៤បណ្តោះអាសន្ន។
ក្រុមតោខៀវ Chelsea មិនបានឈ្នះការប្រកួតក្នុងផ្ទះខ្លួនឯង៦លើកចុងក្រោយជាប់គ្នាពេលប៉ះជាមួយនឹង Manchester United។ ក្នុងនោះChelsea ឈ្នះតែ១ប្រកួតគត់ក្នុងចំណោម៥ប្រកួតចុងក្រោយរបស់ពួកគេទល់នឹង Manchester United។
៦ប្រកួតចុងក្រោយរបស់ក្រុមតោខៀវគឺមិនទាន់ស្គាល់រសជាតិចាញ់នៅឡើយទេ ដោយឈ្នះ៥ និងស្មើ១។ ប្រកួតលើកចុងក្រោយស្មើពិន្ទុជាមួយក្រុមម្ចាស់ផ្ទះ Brentford ក្នុងលទ្ធផល០ទល់០។ ចំណែកក្រុមបិសាចក្រហម៦ប្រកួតចុងក្រោយឈ្នះ៤ ស្មើ១ និងចាញ់១ ដោយប្រកួតចុងក្រោយឈ្នះក្រុមភ្ញៀវ Tottenham ក្នុងលទ្ធផល២ទល់០។
ក្រុមទាំង២ធ្លាប់ប៉ះគ្នា៦លើកចុងក្រោយគឺ Chelsea ឈ្នះម្តង(ក្រៅទឹកដី, Manchester United ឈ្នះម្តង(ក្រៅទឹកដី) និងស្មើគ្នា៤ដង។ បច្ចុប្បន្នក្រុម Chelsea កំពុងឈរលេខ៤បណ្តោះអាសន្នមាន២០ពិន្ទុ ខណៈដែលក្រុម Man United ឈរលេខ៥មាន១៩ពិន្ទុ។
ក្រុមទាំង២នឹងត្រូវប៉ះគ្នានៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២២ តុលានេះម៉ោងនៅកម្ពុជា។ ប្រសិនបើ Chelsea ភ្លាត់ស្នៀតឲ្យក្រុម Man United ឈ្នះ នោះនឹងធ្លាក់មកលេខ៥ ហើយ Man United នឹងឡើងទៅលេខ៤ជំនួសវិញមិនខាន ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)