ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធជាផ្លូវការនៃក្រុមហ៊ុនហនុមាន ប៊ែវើរីជីស នៅស្រុកអង្គស្នួល ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២២ខែតុលា ឆ្នាំ២០២២នេះលោកបណ្ឌិត ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានអញ្ជើញចូលរួមសម្ពោធជាផ្លូវ ការរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ខណៈក្រុមហ៊ុននេះអាចនឹងបង្កើតការងារដល់ពលរដ្ឋខ្មែរ បានរហូតដល់ទៅ៥០០កន្លែងនិងបានចូលរួមចំណែកបង្កើនចំណូលពន្ធរបស់រដ្ឋ និងលើកស្ទួយវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យពាក់ព័ន្ធផ្សេងទៀតនៅកម្ពុជាផងដែរ។

ថ្លែងនៅក្នុងពិធីសម្ពោធនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមសម្តែងនូវការអបអរសាទរចំពោះការ​បើក​សម្ពោធជាផ្លូវការនូវក្រុមហ៊ុនដ៏ធំមួយនេះ ដែលជាសមិទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំ ​និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន។ ជាពិសេសក្នុងដំណាក់កាលនៃការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ ទាំងនៅកម្ពុជា និងក្នុង​ពិភពលោកទាំងមូលដែលបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសង្គម-សេដ្ឋកិច្ច ក៏ក្រុមហ៊ុននៅតែខិតខំពុះពារជម្នះការលំបាក រហូតសម្រេចបាននូវការវេចខ្ចប់លើកដំបូង និងការចែកចាយនៅលើទីផ្សារក្នុងខែកញ្ញា ឆ្នាំ២០២១ ដោយប្រើប្រាស់រយៈពេលត្រឹម០២ ឆ្នាំប៉ុណ្ណោះ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា វាគឺជាមោទនភាពដោយ​បានឃើញ​ក្រុមហ៊ុន​ក្នុងស្រុកថ្មីមួយទៀត​ តួយ៉ាងដូចជាក្រុមហ៊ុន ហនុមាន ប៊ែវើរីជីសនេះផ្ទាល់ ដែលបានប្រើប្រាស់ទុន​វិនិយោគទាំងស្រុង ១០០% ជាទុនក្នុងស្រុក ដើម្បីបើកដំណើរការរោងចក្រដ៏ធំសម្បើម និងទំនើប​មួយនេះ ដែលមានស្តង់ដារនៃការផលិតខ្ពស់ និងធានាបាននូវគុណភាពកាន់តែល្អប្រសើរសម្រាប់​អតិថិជនទាំងក្នុងស្រុក​ និងទីផ្សារក្រៅប្រទេស។

លោកបន្តថា ក្រុមហ៊ុននេះ«ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការ​ជំរុញពិពិធកម្ម និងពង្រឹងផលិតកម្មក្នុងស្រុក​ ដែលអាចបង្កើតការងារបានរហូតដល់ទៅ ៥០០ កន្លែងនៅ​ក្នុងរោងចក្រផ្ទាល់​ ក៏ដូចជាការចូលរួមចំណែកបង្កើនចំណូលពន្ធរបស់រដ្ឋ និងលើកស្ទួយ​វិស័យ កសិកម្ម, កសិ-ឧស្សាហកម្ម និងវិស័យពាក់ព័ន្ធផ្សេងទៀតនៅកម្ពុជា»។ 

សូមបញ្ជាក់ថា, នៅក្នុងឱកាសនោះដែរលោកហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ការបើកដំណើរការ​រោងចក្រ​នាពេលនេះ ក៏បានបង្ហាញឱ្យឃើញអំពីសក្តានុពលនៃវិស័យវិនិយោគនៅកម្ពុជា ជាពិសេស​ការគាំទ្រដល់ការបោះជំហានទៅមុខនៃចក្ខុវិស័យក្នុងការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពី«ឧស្សាហកម្មអតិពលកម្ម» ឈានទៅជា «ឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យា» ដូចមានកំណត់នៅក្នុងគោលនយោបាយ​អភិវឌ្ឍន៍​វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលយ៉ាងដូច្នេះដែរ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា ក្នុងបរិការណ៍នេះ ការអភិវឌ្ឍប្រទេសមួយប្រកបដោយភាពរឹងមាំ ត្រូវការ​ជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម ​និងរស់រវើកពីវិស័យឯកជន ​ជាមួយនឹងការគាំទ្រ និង​ការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល​ តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច-វិនិយោគ ដើម្បីធ្វើឱ្យវិស័យឯកជនអាចអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងដើរតួនាទីជាឆ្អឹងខ្នង​នៃខឿន​សេដ្ឋកិច្ច​ជាតិ ​ហើយអាចចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការប​ង្កើត​ការងារ និងការពង្រឹងភាពប្រកួតប្រជែង និងដោយប្រយោលតាម​រយៈការបង្កើនចំណូលពន្ធ និង​ការបង្កើនការវិនិយោគជាដើម។ 

សូមជម្រាបជូនផងដែរ , កំពង់ផែស្វយ័តភ្នំពេញក្នុងរយៈពេល៩ខែឆ្នាំនេះ រកចំណូលបានជាង ៣០លានដុល្លារ (ពុំទាន់ធ្វើសវនកម្ម) គឺកើនឡើង ២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២១។

តាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញ ចំណូលដែលទទួលបានក្នុងរយៈពេល ៩ខែឆ្នាំនេះ គឺទទួលបានចំណូលពីប្រតិបត្តិការផែចំនួនជាង ២៥លានដុល្លារ,ចំណូលពីអាជ្ញាធរផែចំនួនជាង ៣លានដុល្លារ ចំណូលបានពីសេវាកម្មផ្សេងៗចំនួនជាង ២សែនលានដុល្លារ និងពីចំណូលផ្សេងចំនួនជិត ២លានដុល្លារ។

ក្នុងរយៈពេល៩ខែនេះ កំពង់ផែស្វយ័តភ្នំពេញមានទំនិញប្រេងឥន្ធនៈចំនួនជាង ៣លានតោន គឺកើនឡើង ៥,២៣ភាគរយ បើធៀបនឹង៩ខែ ឆ្នាំ២០២១ មានជិត ២,៩លានដុល្លារ។ នាវាផ្ទុកទំនិញឆ្លងកាត់មានចំនួនជាង ២,៧ពាន់ជើង កើនឡើងជាង ៥៧ភាគរយ បើធៀបនឹង៩ខែឆ្នាំ២០២១។

សម្រាប់នាវាទេសចរណ៍មានចំនួន ១៦ជើង កើនឡើង ១៦ភាគរយ បើធៀបនឹង៩ខែ ឆ្នាំ២០២១ មិនមាននាវាទេសចរណ៍ឆ្លងកាត់ឡើយ។ បរិមាណកុងតឺន័រមានជាង ៣២ម៉ឺន កើន ២៨,៣៣ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២១ ដែលមានជាង ២៥ម៉ឺនកុងតឺន័រ។ ចំពោះបរិមាណអ្នកដំណើរនៅ៩ខែឆ្នាំនេះមានចំនួន ៨៦៨នាក់ បើធៀប៩ខែ ឆ្នាំ២០២១មិនមានអ្នកដំណើរឡើយ៕ 

ដោយ : សហការី


ចែករំលែក៖