ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ​ ចាត់​កម្លាំងចុះត្រួតពិនិត្យមេីលទីតាំងកាសុីណូហ្គូដវើលដ៍ (Good World casino ហៅកាសុីណូ ស្រះទឹក) ក្រោយលួចបើកឱ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសង

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖​ បេី​យោង​តាម​បញ្ជាក់​ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃសៅរ៍ទី​២២​ ខែតុលា​ ឆ្នាំ​២០២២នេះ​ថា៖​ បន្ទាប់​ពី​មានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ​ថា កាសុីណូហ្គូដវើលដ៍ (Good World casino ហៅកាសុីណូ ស្រះទឹក) បានលួចបើកឱ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសង ដែលជាទង្វើល្មើសច្បាប់​ លោកបានចាត់ឱ្យកម្លាំងសមត្ថកិច្ចមូលដ្ឋាន​ចុះត្រួតពិនិត្យ​ជាក់ស្ដែង​។ 

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖​ លោក បានដាក់បទបញ្ជាឱ្យកម្លាំងចុះអង្កេត ស្រាវជ្រាវ រកការពិតជាបន្ទាន់។ ក្រោយពីទទួលបទបញ្ជានេះ  អធិការនគរបាល ក្រុងប៉ោយប៉ែត​ លោកវរសេនីយ៍ឯក សៅ សារឿន បានចាត់កម្លាំង នគរបាលការិយាល័យជំនាញ ចុះទៅដល់ទីតាំងកាសុីណូ ហ្គូដវើលដ៍ ហៅកាសុីណូ ស្រះទឹក ដែលមានទីតាំងនៅផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែតុលាម្សិលមិញនេះ​ ។

បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សៅ សារឿន បានឱ្យដឹង នាថ្ងៃទី២២ ខែតុលាថាៈ បន្ទាប់ពីចុះទៅដល់ទីតាំងកាស៊ីណូ ខាងលើ កម្លាំងមានសមត្ថកិច្ច បានរកឃើញ សកម្មភាព ដូចសេចក្តីរាយការណ៍ដែរ ហេតុនេះ កងកម្លាំងនរគបាល នៃអធិការដ្ឋាន ក្រុងប៉ោយប៉ែត បានហៅម្ចាស់ និងអ្នកទទួលខុសត្រូវ មកអប់រំ ណែនាំ និងធ្វីកិច្ចសន្យា ដល់ម្ចាស់ទីតាំងនូវករណី ខាងលើ ។

ជាមួយគ្នានេះ​ លោកអធិការ​ក្រុង​ ក៏បានព្រមានដែរថា៖ កម្លាំងនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែត នឹងចាត់ការអនុវត្តន៍តាមផ្លូវច្បាប់ជាធរមាន គឺចុះបង្ក្រាបតែម្ដង​ ប្រសិនបើជាមានករណីជាបន្តទៀត ៕

ដោយ​៖សហការី​


ចែករំលែក៖