ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិភូ គ.ជ.ប នឹងធ្វើសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃការចូលរួមមហាសន្និបាត លើកទី៥ និងសន្និសីទអន្តរជាតិ របស់សមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា, 

ប្រតិភូ គ.ជ.ប នឹងធ្វើសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលនៃការចូលរួមមហាសន្និបាត លើកទី៥ និងសន្និសីទអន្តរជាតិ របស់សមាគមសា្ថប័នរៀបចំការបោះឆ្នោតពិភពលោក។ 

ប្រតិភូនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាននៃ គ.ជ.ប បានចូលរួមមហាសន្និបាត លើកទី៥ របស់សមាគមសា្ថប័នរៀបចំការបោះឆ្នោតពិភពលោក ហៅ កាត់ថា A-WEB និងសន្និសីទអន្តរជាតិស្ដីពី “កិច្ចការពារសា្ថប័នគ្រប់គ្រងការបោះឆ្នោតក្នុងសម័យ កាលដែលលទ្ធិប្រជាធិបតេយ្យសកលលោកមានការធ្លាក់ចុះៗនៅទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង ជាមួយប្រទេសជាសមាជិក A-WEB សរុប ១០៩ប្រទេស។

គណៈប្រតិភូ គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា នឹងវិលត្រឡប់មកដល់មាតុប្រទេសវិញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ហើយក្នុងឱកាសវិលត្រឡប់មកវិញនេះ លោក ឌឹម សុវណ្ណារុំ ប្រធានប្រតិភូ គ.ជ.ប នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំ ក្នុងព្រឹត្តិការណ៍ខាងលើនេះ វេលាម៉ោង ៦:៣០នាទីល្ងាច នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រក VIP)។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖