ព័ត៌មានទាន់ហេតុការណ៍៖

សឺរ៉ែនប្រកាសអាសន្នគ្រប់ទីកន្លែង ក្នុងប្រទេសអ៊ុយក្រែន ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរងការវាយប្រហារពីមីស៊ីលរុស្ស៊ី

ចែករំលែក៖

នៅថ្ងៃទី២២ខែតុលា សឺរ៉ែនប្រកាសអាសន្នពីការវាយប្រហារដោយកាំជ្រួចមីស៊ីលពីប្រទេសរុស្ស៊ីបានកើតឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះក៏មានរដ្ឋធានីកៀវផងដែរ។
សារព័ត៌មាន Sputnik បានផ្សាយថា រុស្ស៊ីបានបើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធ ថាមពល ការពារជាតិ យោធា និងប្រព័ន្ធទំនាក់ទំនងអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី១០ខែតុលាមកទល់ពេលនេះ ។ ការវាយប្រហារពីរុស្ស៊ី គឺក្រោយពេលដែលអ៊ុយក្រែនបំផ្ទុះគ្រាប់បែកបំផ្លាញស្ពានគ្រីមៀនៅថ្ងៃទី៨ខែតុលា ។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២នេះបានផ្សាយថា នៅថ្ងៃសៅរ៍នេះ ហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសអ៊ុយក្រែនបានបន្តទទួលរងការវាយប្រហារដោយមីស៉ីលជាថ្មីទៀតពីសំណាក់កងកម្លាំងរុស្ស៉ី ខណៈដែលតំបន់មួយចំនួនបានរាយការណ៍ពីបញ្ហាដាច់ចរន្តអគ្គិសនីផងដែរ។
យោធាអ៊ុយក្រែនបានអះអាងថា កាលពីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងកៀវ) មីស៉ីលប្រហែល៣៣គ្រាប់ត្រូវបានបាញ់មក
រកអ៊ុយក្រែន ហើយមីស៉ីល១៨គ្រាប់ក្នុងចំណោមនោះត្រូវបានបាញ់ទម្លាក់ទាន់។ បើតាមការអះអាងរបស់ទីក្រុងកៀវ មកទល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនប្រហែល៤០ភាគរយហើយបានរងការបំផ្លិចបំផ្លាញ។
អាជ្ញាធរនៅតាមតំបន់មួយចំនួនរបស់អ៊ុយក្រែនបានរាយការណ៍អំពី ការវាយប្រហារចំទីតាំងមូលដ្ឋានផលិតថាមពល រួមជាមួយបញ្ហាដាច់ចរន្តអគ្គិសនី ស្របពេលដែលក្រុមវិស្វករបាននិងកំពុងស្ទុះស្ទាស្តារបណ្តាញដែលរងការខូចខាតឡើងវិញ។ ទន្ទឹមគ្នានេះ ការរឹតត្បិតការផ្គត់ផ្គង់ថាមពលកំពុងត្រូវបានអនុវត្តនៅតំបន់សរុបចំនួន១០ រួមទាំងរដ្ឋធានីកៀវផងដែរ៕ ដោយ៖ ធីរីណា

រូបថត៖ New York Times


ចែករំលែក៖