ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងទទួលដឹកនាំការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ទោ បឿ អាត នាយរងការិយាល័យប្រឆាំងបទសេដ្ឋកិច្ច ប្រធានក្រុមប្រតិបត្តិការគោលដៅស្រុកមោងប្ញស្សី, លោកវរសេនីយ៍ឯក ស គឹមឡុង អធិការស្រុកមោងឫស្សី សហការជាមួយ លោកវរសេនីយ៍ទោ អ៊ី សេងហុង ប្រធានស្នាក់ការទិសទន្លេសាបភូមិភាគទី៥ និងលោក តោ ថារី នាយរងផ្នែករដ្ឋបាលជលផលអន្លង់វិល បានចុះទៅបង្ក្រាបបទល្មើសនេសាទ នៅចំណុចត្បួងបឹងគា ក្នុងភូមិសាស្ត្រ ភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនោះ បានធ្វេីឡើងកាលពីថ្ងៃទី២២ ខែតុលាម្សិលមិញនេះ កម្លាំងសមត្ថកិច្ចចូលរួមសរុបចំនួន១៨នាក់ និងប្រើប្រាស់សម្ភារៈរួមមាន កាណូតស្មាច់ ០៥គ្រឿង កាំបិតចំនួន ១០ដើម និងកណ្តៀវចំនួន ០៦ដើម ។
ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន ៖ - សាច់មងប្រវែង ៦៥០ម៉ែត្រ - ឡុកចាប់ត្រីចំនួន ០៣គ្រឿង - បង្គោលចំនួន ២៥០ដើម ។ ចំពោះករណីនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញនិងដុតកម្ទេចចោលនៅនឹងកន្លែង ។ ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍ ៕
ដោយ៖សហការី