កូរ៉េខាងជើងបានបាញ់មីស៊ីល១០គ្រាប់ដើម្បីតបតកូរ៉េខាងត្បូង ដែលបានបាញ់ព្រមានដល់ទីក្រុងព្យុងយ៉ាង ដោយចាត់ទុកថានោះជាការបំពានបន្ទាត់ព្រំដែនសមុទ្រ ។
នៅថ្ងៃទី២៤ខែតុលា កម្លាំងទាហានកូរ៉េខាងត្បូងបានប្រកាសថា បានបាញ់ព្រមាននាវាកូរ៉េខាងជើង ដែលបានឆ្លងចូលដែនសមុទ្ររបស់ខ្លួននៅភាគខាងជើង(NLL) ។ ក្នុងពេលនេះដែរ សារព័ត៌មានកូរ៉េខាងជើង KCNA បានដកស្រង់ការប្រកាសរបស់អ្នកនាំពាក្យកម្លាំងទាហានកូរ៉េខាងជើង KPA ដែលបានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងបានបាញ់មីសុីល១០គ្រាប់ចេញពីជើងទម្របាញ់រ៉ុក្កែតនៅវេលាម៉ោង ៥និង១៥នាទីព្រឹក បន្ទាប់ពីកូរ៉េខាងត្បូងបាញ់ព្រមាននៅវេលាម៉ោង ៣និង៥០នាទីព្រឹក។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា អគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េខាងជើងបានបញ្ជាឱ្យកងកម្លាំងរបស់ខ្លួនបាញ់ផ្លោងគ្រាប់រ៉ុក្កែតចំនួន១០គ្រាប់បន្ទាប់ពីយោធាកូរ៉េខាងត្បូងបានបាញ់ព្រមានមកលើកប៉ាល់ពាណិជ្ជករកូរ៉េខាងជើង ដែលបើកឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនភាគខាងជើងជាព្រំដែនសមុទ្រពិតប្រាកដរវាងកូរ៉េទាំងពីរ។ សកម្មភាពនេះគឺជាការព្រមានយ៉ាងម៉ឺងម៉ាត់ម្តងទៀតដល់កូរ៉េខាងត្បូង ចំពោះការបង្កហេតុក្នុងដែនសមុទ្រ នាពេលនេះ។
ព្រំដែនសមុទ្រត្រូវបានគេចាត់ទុកថាជាចំណុចក្តៅ ហើយក៏ជាទីតាំងនៃការប៉ះទង្គិចគ្នាជាច្រើនដងរវាងប្រទេសកូរ៉េទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ភាពតានតឹងបានកើនឡើងក្នុង រយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយកូរ៉េខាងជើងបានបាញ់មីស៊ីល និងកាំភ្លើងធំជាច្រើនគ្រាប់ធ្វើកូរ៉េខាងត្បូង ជប៉ុន រួមទាំងសម្ព័ន្ធមិត្តលោកខាងលិច បង្កើនការព្រួយបារម្ភ៕ ដោយ៖ ធីរីណា
រូបថត ៖ KCNA
រូបថត: YONHAP