ភូមិ ស្រុកជាច្រើននៅក្នុងទីក្រុងតំបន់ភាគខាងត្បូង ប្រទេសអូស្ត្រាលី ដែលបានលិចលង់ដោយទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាកខ្លាំងកាលពីចុងសប្តាហ៍កន្លងមក ពេលនេះបានដាក់នៅក្នុងគ្រាអាសន្នចាប់ពីថ្ងៃទី២៤ខែតុលាទៅ។ ក្នុងពេលនេះដែររដ្ឋាភិបាលអូស្ត្រាលី បានព្រមានពីស្ថានភាពអាកាសធាតុអាក្រក់អូសបន្លាយ ដល់ចុងសប្តាហ៍នេះ អាចបង្កឱ្យមានទឹកជន់លិចកាន់តែខ្លាំង ។
ផ្ទះរាប់ពាន់ខ្នង និងកសិដ្ឋាននៅរដ្ឋ New South Wales និង Victoria ដែលជារដ្ឋមានពលរដ្ឋច្រើនបំផុតរងការលិចលង់យ៉ាងខ្លាំង ។ មកទល់ពេលនេះមានពលរដ្ឋ៥នាក់ស្លាប់ដោយគ្រោះទឹកជំនន់លើកទី៤នៅតំបន់ភាគខាងកើតប្រទេសនេះនៅក្នុងឆ្នាំ២០២២។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា ការព្រមានអំពីទឹកជំនន់ចំនួន២០០លើកនៅតែមាននៅក្នុងរដ្ឋទាំងពីរគិតត្រឹមព្រឹកថ្ងៃទី២៤ខែតុលានេះ ដោយក្នុងនោះ១៣២លើក គឺនៅរដ្ឋ New South Wales។
លោក Dean Narramore មន្រ្តីការិយាល័យឧតុនិយម បានព្យាករថា «ការព្រមានអំពីទឹកជំនន់គឺមិនគួរឱ្យជឿ … មានទន្លេជាច្រើនដែលកំពុងជួបប្រទះការជន់លិចពីភាគខាងត្បូងរដ្ឋ Queensland រហូតមកដល់ភាគខាងជើងរដ្ឋវ៉ិចតូរៀ»។
អ្នកស្រុកនៅក្នុងផ្នែកខ្លះនៃទីក្រុង Lismore ដែលមានប្រជាជន ៧៧,០០០នាក់ ស្ថិតនៅចម្ងាយប្រហែល ៧០០គីឡូម៉ែត្រពីភាគខាងជើងនៃទីក្រុងស៊ីដនី ដែលបានរងនូវបំផ្លិចបំផ្លាញដោយទឹកជំនន់កាលពីខែមីនា ក៏កំពុងប្រឈមមុខនឹងទឹកជំនន់មួយផ្សេងទៀត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងរហូតដល់កម្រិត២០០មិល្លីម៉ែត្រ កាលពីចុងសប្តាហ៍កន្លងមកនេះ។ ទោះជាការព្រមានអំពីអាកាសធាតុដ៏អាក្រក់ត្រូវបានលុបចោល ប៉ុន្តែតំបន់នេះនៅតែស្ថិតក្នុងការប្រកាសអាសន្នទឹកជំនន់កម្រិតខ្ពស់៕
ដោយ៖ ធីរីណា(រូបថត៖ TTXVN )